សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន
Cambodia News
ភ្នំពេញ៖ សង្គមស៊ីវិលកម្ពុជា-ចិន បានរួមគ្នាសាទរបុណ្យសែនព្រះខែ ប្រពៃណីជនជាតិចិន តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការជួបជុំរវាងតំណាងសង្គមស៊ីវិល និងសហជីពកម្មករកម្ពុជា ដើម្បីបង្កើនការយល់ដឹង មិត្តភាព និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
កម្មវិធីនេះសហការរៀបចំដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។ ពិធីនេះមានការចូលរួមពីលោក គឹម ចាន់ណា ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងតំណាងសហជីពកម្មករនានា ព្រមទាំងតំណាងភាគីចិន សរុបប្រមាណ ៣០នាក់។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជា និងចិន។ លោកបានបញ្ជាក់ថា ការរៀបចំពិធីសែនព្រះខែ និងការទទួលស្វាគមន៍មិត្តចិនមកចែករំលែកបទពិសោធន៍ដោយផ្ទាល់ គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ការស្គាល់ និងយល់ពីវប្បធម៌ និងប្រពៃណីរបស់គ្នាទៅវិញទៅមក។ លោកបន្ថែមថា តាមរយៈ កម្មវិធី នេះ អ្នកចូលរួមបានឈ្វេងយល់ពីអត្ថន័យ និងប្រពៃណីនៃបុណ្យសែនព្រះខែ ដែលជាបុណ្យសំខាន់មួយរបស់ប្រជាជនចិន និងមានអត្ថន័យពាក់ព័ន្ធនឹងការជួបជុំគ្រួសារ ការចែករំលែក មិត្តភាព និងការជូនពរគ្នាទៅវិញទៅមក។ ការរៀបចំកម្មវិធីនៅក្នុងសហគមន៍សង្គមស៊ីវិលកម្ពុជា ក៏បានបង្កើតឱកាសឱ្យសង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរបានជួបជុំ និងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ដោយផ្ទាល់។
លោក លីវ វិនជឺ (Liu Wenzhi) តំណាងសង្គមស៊ីវិលចិន បានលើកឡើងថា បុណ្យសែនព្រះខែមានអត្ថន័យពិសេសអំពីមិត្តភាព សាមគ្គីភាព និងការជួបជុំ។ លោកបានចាត់ទុកការរួមគ្នាប្រារព្ធពិធីនេះថា ជាការបង្ហាញពីការប្រកៀកស្មា និងការគាំទ្រគ្នារវាងសង្គមស៊ីវិលកម្ពុជា និងចិន។ លោកបានបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឱ្យកម្មករជាង៤៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងចូលរួមជាមួយមិត្តចិនក្នុងសកម្មភាពដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ការរៀបចំសកម្មភាពសាទរបុណ្យសែនព្រះខែនេះ គឺជាសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងពីរ និងជាមធ្យោបាយមួយសម្រាប់បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងចិន។
លោក សួង ហួត ទីប្រឹក្សា ជាន់ ខ្ពស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលេីកឡេីងថា ការរួមគ្នាសាទរបុណ្យសែនព្រះខែឆ្នាំ២០២៦នេះ បានបង្ហាញថា វប្បធម៌អាចក្លាយជាស្ពានភ្ជាប់ប្រជាជនពីប្រទេសទាំងពីរ បានបង្កើតបរិយាកាសមួយសម្រាប់ការយល់ចិត្តគ្នា ការចែករំលែក និងការកសាងមិត្តភាព ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងភាពជិតស្និទ្ធរវាងប្រជាជននិងប្រជាជន កម្ពុជា -ចិន ៕

