លោកហ៊ុនសែនបកស្រាយពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០៩ តុលា ២០១២នេះ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន បានចាប់ផ្តើមតបតពាក្យសម្តីទៅកាន់មន្រ្តីគណបក្សប្រឆាំង នូវអ្វីដែលក្រុមប្រឆាំងចោទថា រដ្ឋាភិបាលពុករលួយ និងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងវេទិកាសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខប្រាំថា បើរដ្ឋាភិបាលគិតតែពីដំឡើងប្រាក់ខែដល់មន្រ្តីរាជការតែប៉ុន្មានម៉ឺននាក់នោះម្ល៉េះសមប្រជា ពលរដ្ឋរាប់លាននាក់ដែលត្រូវការផ្លូវ, សាលារៀន, មន្ទីរពេទ្យ, អគិ្គសនីប្រើប្រាស់នោះ នឹងទៅជាយ៉ាងណា។
ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ចំពោះការយឺតយ៉ាវក្នុងការដំឡើងប្រាក់បៀវត្សរ៍ ដែលជាហេតុធ្វើឱ្យមន្រ្តីទាំងនោះពិបាកឆ្លើយតបនឹងការចំណាយដែល ចេះតែកើនឡើងជាលំដាប់។
ទាក់ទងទៅនឹងការដំឡើងប្រាក់បៀវត្សរ៍ ជារៀងរាល់ឆ្នាំ លោក ហ៊ុន សែន បានដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការប្រមាណជា២០ភាគរយ ប៉ុន្តែកំណើននៃប្រាក់បៀវត្សរ៍នៅតែពុំគ្រប់គ្រាន់ក្នុងការផ្គត់ ផ្គង់ជីវភាពបាននៅឡើយ ដែលនេះជាហេតុជំរុញឲ្យមន្រ្តីខ្លះស្វែងរកកម្រៃបន្ថែមដើម្បីបំពេញការខ្វះខាតក្នុងជីវភាព គ្រួសារ៕