បណ្ណាល័យឡានឆាង-មេគង្គ៖ សៀវភៅភ្ជាប់ចំណេះដឹង មិត្តភាពឆ្លងកាត់ព្រំដែន
Cambodia News
(ប៉េកាំង) យោងតាមលោកស្រី Wang Fengjuan អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅអន្តរជាតិ (China International Publishing Center) បានរំលេចថា ក្រោមកិច្ចសហការជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន CIPCបានជួយកែលម្អបណ្ណាល័យមេគង្គ-ឡានឆាង បាន៤ទីតាំង ហើយគ្រោងនឹងរៀបចំទីតាំងទី៥នាខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។
គម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ក្នុងប្រទេសកម្ពុជា ត្រូវបានផ្តួចផ្តើមនៅឆ្នាំ២០២១ ក្រោមការ គាំទ្រទាំងស្រុងពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅអន្តរជាតិ (China International Publishing Center) និង មូលនិធិប៉េកាំងសប្បុរសធម៌ចុងតាវ។ គោលបំណង គឺជួយកែលម្អបរិយាកាសសិក្សា លើកកម្ពស់ការអាន និងជួយកុមារនៅតាមប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ឱ្យមានឱកាសទទួលបានចំណេះដឹងកាន់តែប្រសើរ។ នៅកម្ពុជា បណ្ណាល័យចំនួន៤បានបង្កើត ឡើងនៅសាលាបឋមសិក្សាព្រហារ (ស្រុកមេសាង ខេត្តព្រៃវែង) សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង (ស្រុកស្អាង ខេត្តកណ្តាល) សាលាបឋមសិក្សាព្រែកលាប (ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) និង សាលាបឋមសិក្សាបន្ទាយសំរ៉ែ (ស្រុកបន្ទាយស្រី ខេត្តសៀមរាប)។
«បណ្ណាល័យមេគង្គ-ឡានឆាង» មិនផ្តោតតែលើការផ្តល់សៀវភៅនោះទេ ក្រៅពីការអានកម្មវិធីក៏បាន រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ជាក់ស្តែង ក្នុងពិធីដាក់ឱ្យដំណើរការបណ្ណាល័យទី៤
នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានចាត់ទុកថា គម្រោងនេះមិនត្រឹមជាកន្លែងអានសៀវភៅទេ ប៉ុន្តែជាការវិនិយោគលើចំណេះដឹង និងអនាគតរបស់ កុមារ ព្រមទាំងជាស្ពាននៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោកស្រី Wang Fengjuan បានរំលេចថា ឆ្នាំ២០២៦ គឺជាខួប១០ឆ្នាំនៃការរៀបចំកិច្ចប្រជុំកំពូល មេដឹកនាំឡានឆាង-មេគង្គ។ ក្នុងរយៈពេល១០ឆ្នាំ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦បានពង្រីក កាន់តែទូលំទូលាយ ហើយគម្រោង «តូចតែឆ្លាត» ជាច្រើនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ ប្រជាជន។ ការអភិវឌ្ឍ «បណ្ណាល័យមេគង្គ-ឡានឆាង» គឺជាលទ្ធផលនៃកិច្ចសហការរបស់ស្ថាប័នរដ្ឋ ស្ថានទូត សហគ្រាស អង្គការសង្គមស៊ីវិល សាលារៀន និងស្ថាប័នស្រាវជ្រាវរវាងប្រទេសចិននិងបណ្តា ប្រទេសតាមដងទន្លេមេគង្គ។ ដោយឡែកនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចូលរួមគាំទ្រដល់ការអនុវត្តគម្រោងនេះ។ លោកបណ្ឌិត ជា មុនីឫទ្ធិ បានកត់សម្គាល់ថា ចាប់ពីមាត់ទន្លេឡានឆាង រហូតដល់ច្រាំងទន្លេមេគង្គ សៀវភៅមួយក្បាលៗកំពុងបើកទ្វារចំណេះដឹង សម្រាប់កុមារ គ្រាដែល«បណ្ណាល័យមេគង្គ-ឡានឆាង» មួយកន្លែងៗ កំពុងក្លាយជាស្ពាននៃការផ្លាស់ប្តូរ និងមិត្តភាពមេត្រីភាពរវាងប្រជាជននៃប្រទេសទាំង៦ប្រទេសតាមដងទន្លេឡានឆាង-មេគង្គ៕
