ពិធីសំណេះសំណាលស្តីពីការរំលឹកខួប ៨១ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសធ្វើឡើងនៅប៉េកាំង
Cambodia News
ថ្ងៃទី ៣ ខែកញ្ញា ពិធីសំណេះសំណាលស្តីពីការរំលឹកខួប ៨១ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានធ្វើឡើងនៅក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ក្រោមអធិបតីភាពលោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
គួរបញ្ជាក់ថា សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាសង្គ្រាមដ៏អស្ចារ្យមួយដែលប្រកបដោយភាពលំបាកក្រៃលែង ។ ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិដើម្បីប្រឆាំងការឈ្លានពានរបស់ជប៉ុនដែលផ្តួចផ្តើមបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានប្រយុទ្ធប្រឆាំងនឹងសត្រូវខ្លាំងយ៉ាងអង់អាចក្លាហាននិងបង្កើតជាមហាកំពែងដែកថែបដោយសាច់និងឈាមស្រស់ ដើម្បីការពារមាតុប្រទេស ហើយដណ្តើមបានជ័យជម្នះទាំងស្រុងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់សត្រូវបរទេសជាលើកដំបូងក្នុងប្រវិត្តសាស្ត្រសម័យទំនើប។ សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាផ្នែកសំខាន់មួយនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រជាជនចិនបានពលីជីវិតដ៏ច្រើនសន្ធឹក ដើម្បីរួមចំណែកដ៏សំខាន់ក្នុងការសង្គ្រោះអរិយធម៌មនុស្សជាតិនិងគាំពារសន្តិភាពពិភពលោក។
ក្នុងពិធីសំណេះសំណាល អ្នកទទួលខុសត្រូវនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងកងទ័ព និងតំណាងនិស្សិតបានបញ្ចេញមតិជាបន្តបន្ទាប់ ដោយបានបកស្រាយពីអត្ថន័យដ៏អស្ចារ្យនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្ហាញពីការសម្រេចចិត្តនិងជំនឿចិត្តដែលចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនដែលបានពលីជីវិត ថែរក្សាថ្នាក់ថ្នមសន្តិភាព ត្រួសត្រាយអនាគត ក៏ដូចជាបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់ដែលនឹងបន្តដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពយ៉ាងមុតមាំ។
សូមបញ្ជាក់ថា តំណាងចំនួនប្រហែល២០០រូបបានចូលរួមពិធីសំណេះសំណាលនេះដែលរួមមាន តំណាងញាតិសន្តានវីរជនដែលបានចូលរួមសង្គ្រាម តំណាងបក្សប្រជាធិបតេយ្យនានា តំណាងសាច់ញាតិនៃមិត្តបរទេសដែលបានរួមចំណែកក្នុងការគាំទ្រប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនជាដើម៕

