លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប

Cambodia News

នាព្រឹកថ្ងៃទី២ ខែ​កញ្ញា​ ​លោក Abdel Fattah El-Sisi​  ​​ប្រធានាធិបតីអេហ្ស៊ីប​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងគែរ រដ្ឋធានីអេហ្ស៊ីប ។

លោក Xi Jinping បានលើកឡើងថា ​កាលពីឆ្នាំ១៩៥៦ ​អេហ្ស៊ីប​គឺជាប្រទេសដំបូងគេនៅ ​ក្នុងចំណោម​ប្រទេស​អារ៉ាប់​និង​អាហ្វ្រិក ដែលបាន​បង្កើត​ទំនាក់ទំនង​ការទូតជាមួយប្រទេសចិនថ្មី។ ​អស់រយៈពេល៧០ឆ្នាំ​មក ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងចិន​និង​អេហ្ស៊ីប​បានឈានដល់ការ​អភិវឌ្ឍ​យ៉ាងលេចធ្លោ​។​ ​ប្រឈមមុខ​នឹង​សភាពការណ៍​អន្តរជាតិ​និងតំបន់​ដ៏​ស្មុគស្មាញ​និង​ច្របូកច្របល់  ​ប្រទេសទាំងពីរគួរ​គាំទ្រគ្នា ​ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យ​កាន់តែស៊ីជម្រៅ ​ដើម្បី​ជំរុញ​ការកសាង​សហគមន៍ជោគវាសនារួម​រវាងចិន​និងអេហ្ស៊ីបជាបន្តបន្ទាប់​ ​ត្រូវ​បង្កើន​ការសម្របសម្រួល​ពហុភាគី​លើឆាកអន្តរជាតិ ​ដើម្បី​ជំរុញ​ការកសាង​ប្រព័ន្ធ​អភិបាលកិច្ច​សកលប្រកបដោយភាព​យុត្តិធម៌​និងសមហេតុផល។

ជាការឆ្លើយតប លោក ​Sisi​  ​បាន​ថ្លែងថា ​ភាគីអេហ្ស៊ីបប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ

គោលការណ៍​ចិនមួយ ​ខិតខំ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទេ្វភាគី​រីកចម្រើន​ឈានទៅមុខ​បន្ថែមទៀត ​ហើយមានឆន្ទៈ​ធ្វើការជាមួយចិន​ ​ដើម្បីបង្កើន​ការសម្របសម្រួលនិងសហការគ្នានៅលើ​វេទិកាពហុភាគី​ ​​ដើម្បីពួតដៃគ្នារក្សា​យុត្តិធម៌​អន្តរជាតិ។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ធ្វើការផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅអំពី​សភាពការណ៍នៅ​តំបន់​មជ្ឈឹមបូព៌ា ។ ​​​​លោក Xi Jinping បានលើកឡើងថា ​ភាគីចិន​គាំទ្រ​ប្រទេស​ក្នុងតំបន់ឱ្យ​អភិវឌ្ឍ​ទំនាក់ទំនង​មេត្រីភាពជាមួយ​ប្រទេសជិតខាង ​ផ្អែកលើទស្សនៈសន្តិភាពដែលមានភាពរួម ចម្រុះ កិច្ចសហប្រតិបត្តិការ ​ ​និង​ជានិរន្តរភាព​ ​​ដើម្បីកសាងរចនាសម្ព័ន្ធសន្តិសុខថ្មីនៅ​មជ្ឈិម​បូព៌ា។ ​ជុំវិញសន្តិសុខ​រួមក្នុងតំបន់ ​ ​លោក Xi Jinping បានលើកឡើងនូវគំនិតផ្ដួចផ្ដើមថា៖ ​បណ្តុះបណ្តាល​កម្លាំងចលករ​ក្នុងតំបន់ ​ជំរុញការគ្រប់គ្រងជាចម្រុះ ​ពង្រឹងមូលដ្ឋនាគ្រឹះ​នៃការអភិវឌ្ឍ​ ​និងបង្កើនកិច្ចសហការអន្តរជាតិ។ ​​ភាគីចិន​មានឆន្ទៈ​ធ្វើការជាមួយបណ្តាប្រទេសទាំងអស់​ក្នុងតំបន់ ដើម្បី​រួមគ្នា​គាំពារ​សន្តិសុខនៃ​ច្រក​​នាវាចរ​អន្តរជាតិ​​ ​ជំរុញ​កិច្ចសហប្រតិបត្តិការខាងការ​អភិវឌ្ឍ ​ផ្សារភ្ជាប់អត្ថប្រយោជន៍នៃ​ប្រទេស​ក្នុងតំបន់ ​​ព្រមទាំងបង្កើន​​ទំនុកចិត្ត​គ្នាទៅវិញទៅមក ​ដើម្បី​លុបបំបាត់​ប្រភពនៃនៃ​ជម្លោះជាជំហានៗ។​​

លោក​ Sisi​  បានថ្លែងថា ភាគីអេហ្ស៊ីប​សូម​កោតសរសើរ​ភាគីចិន​ ដែលបាន​ប្រកាន់ខ្ជាប់​គោលជំហ​យុត្តិធម៌​ជានិច្ច​ក្នុង​បញ្ហា​មជ្ឈិម​បូព៌ា។​ អេហ្ស៊ីប​មាន​ឆន្ទៈ​បន្ត​ពង្រឹង​ការសម្របសម្រួល​ជាមួយចិន ​ ដើម្បីកាត់បន្ថយភាពតានតឹង រក្សាសិ្ថរភាពនៅមជ្ឈិមបូព៌ា ​ ដើម្បី​​​​ស្វែងរក​រចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។​

​ក្រោយពីកិច្ចជំនួប ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីរួមគ្នាក្នុង​ពិធីចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន ​ក្នុងនោះបូករួមទាំង​ការរួមគ្នាកសាង​​«ខ្សែក្រវាត់និងផ្លូវ»​ផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ច​លើកនេះ ​ភាគីទាំងពីរ​ក៏បាន​ ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ជាង២០ទៀត ​ដែលពាក់ព័ន្ធនឹង​សេដ្ឋកិច្ចឌីជីថល ​បច្ចេកវិទ្យា ​អប់រំ ​គមនាគមន៍ជាដើម។

នៅ​​ពេលថ្ងៃត្រង់ថ្ងៃដដែល ​លោក​​ Sisi​  និងភរិយា​បាន​ប្រារព្ធ​ពិធីលៀងសាយភោជន៍​ដើម្បី​ស្វាគមន៍ជូនចំពោះ​លោក​  Xi Jinping  និងភរិយា៕​​​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close