តួនាទីចិនក្នុងការថែរក្សាស្ថិរភាព និង ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ APEC
Cambodia News
នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការកើនឡើងនៃនិន្នាការការពារនិយមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
ចិនបានសង្កត់ធ្ងន់ជាបន្តបន្ទាប់លើការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាពជោគជ័យរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពឹងផ្អែកលើបរិយាកាសស្ថិរភាពដែលបណ្តាប្រទេសសមាជិកបានរួមគ្នាថែរក្សា និងការបន្តគាំទ្រសាកលភាវូបនីយកម្មសេដ្ឋកិច្ច។ លោកបានអំពាវនាវឱ្យសមាជិក APEC ដោះស្រាយភាពខុសគ្នាតាមរយៈការពិគ្រោះយោបល់ និងរក្សាកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យដើរទៅក្នុងទិសដៅត្រឹមត្រូវ។
លើសពីនេះ ចិនបានបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយហានិភ័យពីភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក។ តួនាទីនេះបានរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងការរក្សាស្ថិរភាពនៃទីផ្សារក្នុង
តំបន់។ ក្នុងនាមជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ ចិនបានដាក់ចេញប្រធានបទ “ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដើម្បីវិបុលភាពរួម” (Building an Asia-Pacific Community to Prosper Together) ដោយផ្តោតលើអាទិភាពសំខាន់ចំនួនបី គឺ ភាពបើកចំហ (Openness) នវានុវត្តន៍ (Innovation) និងកិច្ចសហប្រតិបត្តិការ (Cooperation) ។ ចិនបានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការគាំទ្រការសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការពង្រឹងភាពតភ្ជាប់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការជំរុញគម្រោងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្មបើកចំហ និងជួយបង្កើនភាពធន់របស់សេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង សន្តិសុខស្បៀង និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ការផ្តោតលើនវានុវត្តន៍នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ចិនក្នុងការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលមានភាពធន់ និងប្រកួតប្រជែងខ្ពស់។
តួនាទីរបស់ចិនក្នុងការរក្សាស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុង APEC បានរួមចំណែកដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបង្កើនទំហំពាណិជ្ជកម្ម និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់។ មន្ត្រីជាន់ខ្ពស់ APEC មួយចំនួនបានវាយតម្លៃថា ចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាមួយគ្នានេះ ការបន្តគាំទ្រពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់ចិន បានជួយពង្រឹងទំនុកចិត្តរវាងសមាជិក APEC និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនរួមនាពេលអនាគត។
សរុបមក ចិនបានបង្ហាញតួនាទីជាអ្នករក្សាស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី-ប៉ា
ស៊ីហ្វិក តាមរយៈការគាំទ្រសន្តិភាព សេដ្ឋកិច្ចបើកចំហ និងពហុភាគីនិយម។ ទន្ទឹមនឹងនេះ ចិនក៏បានជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ដោយផ្តោតលើការធ្វើសមាហរណកម្មសេដ្ឋកិច្ច នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ តួនាទីទាំងនេះមិនត្រឹមតែជួយរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដែលមានវិបុលភាពរួម និងអនាគតរួមប្រកបដោយសន្តិភាពផងដែរ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា


