អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

Cambodia News

‎សៀមរាប៖  ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

‎  ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។  ពិធីនេះមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងរដ្ឋបាលស្រុកបន្ទាយស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់យុវជនទូទាំងប្រទេស ជាពិសេសសិស្សានុសិស្សនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយការទទួលខុសត្រូវ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ហើយត្រូវជៀសវាងការចែកចាយបន្តនូវព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីរួមចំណែកបន្សល់ទុកនូវគំរូល្អក្នុងការចែករំលែកតែព័ត៌មានពិត ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍសង្គមជាតិ។

‎ឯកឧត្តមអំពាវនាវដូច្នេះថា៖ «សិស្សានុសិស្សរបស់យើង ដែលមានវត្តមានយ៉ាងច្រើនក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវចូលរួមប្រើប្រាស់បណ្តាញទាំងនេះប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យសិស្សទាំងអស់គ្នា បន្សល់ទុកនូវគំរូល្អតាមរយៈការចែករំលែកព័ត៌មានមានប្រយោជន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ក៏ដូចជាបង្កើនចំណេះដឹងសម្រាប់ខ្លួនឯង និងក្មេងជំនាន់ក្រោយ»។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងឌីជីថលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងនៅទីក្រុង និងជនបទ។

សិស្សវិទ្យាល័យបន្ទាយស្រីប្រមាណ ១,០០០នាក់ បានបង្ហាញការគាំទ្រ និងសន្យាថា នឹងប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់ការសិក្សា និងមិនចែកចាយព័ត៌មានមិនច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមឡើយ។

គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close