លោក Xi Jinping ៖ ជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាមផ្លូវសុចរិតជាលំដាប់ ព្រមទាំងចែករំលែកផលលាភជាមួយគ្រប់ភាគី
Cambodia News
កិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលនឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ៕
បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដែលផ្លាស់ប្តូរផលិតកម្ម និងរបៀបរស់នៅរបស់មនុស្សយ៉ាងខ្លាំង និងបង្កើតឡើងនូវនិម្មាបនកម្មឧស្សាហកម្មសកលថ្មី។ លោកXi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិតអាចជាផលិតផលសាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ប្រទេសចិនមានឆន្ទៈចែករំលែកភាគលាភនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយគ្នាគ្រប់ភាគី។
«បញ្ញាសិប្បនិម្មិតមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនាពេលអនាគត យើងគួរធ្វើឱ្យបញ្ញាសិប្បនិម្មិតផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅគ្រប់ប្រទេសនិងតំបន់។ យើងត្រូវផ្តោតសំខាន់លើសុខមាលភាពរបស់មនុស្សជាតិទាំងមូល និងជំរុញឱ្យបញ្ញាសិប្បនិម្មិតវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាលំដាប់តាមទិសដៅដែលមានប្រយោជន៍ សន្តិសុខនិងយុត្តិធម៌។» នេះជាអនុសាសន៍របស់លោកXi Jinping នៅក្នុងកិច្ចប្រជុំដំណាក់កាលទីពីរនៃកិច្ចប្រជុំក្រៅផ្លូវការមេដឹកនាំ APEC លើកទី ៣២ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ប្រទេសចិនប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ចាប់យកឱកាសនៃបដិវត្តន៍បច្ចេកវិទ្យា និងសម្រេចបាននូវការកើនឡើងយ៉ាងខ្លាំងនៃកម្លាំងចម្រុះក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ទិន្នន័យបានបង្ហាញថា ប្រទេសចិនមានចំនួន ៦០% នៃចំនួនប៉ាតង់ខាងបញ្ញាសិប្បនិម្មិតទូទាំងពិភពលោក ហើយចំនួនអ្នកប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលអាចបង្កើតខ្លឹមសារថ្មីបានលើសពី ៥០០ លាននាក់។ ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនបានបង្កើតមូលនិធិជាតិសម្រាប់វិនិយោគឧស្សាហកម្មបញ្ញាសិប្បនិម្មិតដែលមានទំហំសរុប ៦០ ពាន់លានយាន់ប្រាក់ចិន បានកំណត់វិធានការគ្រប់គ្រងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតតាមក្រមសីលធម៌ និងបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចិន-BRICS ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបន្តបន្ទាប់។
លោកXiJinping បានថ្លែងក្នុងកិច្ចប្រជុំដំណាក់កាលទីពីរនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ថា «គួរតែបង្កើនអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ដើម្បីធានាថា បញ្ញាសិប្បនិម្មិត ត្រូវបានប្រើប្រាស់តាមផ្លូវសុចរិត និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ព្រមទាំងការពារកុំឱ្យវាក្លាយជា «ល្បែងរបស់ប្រទេសអភិវឌ្ឍន៍និងអ្នកមាន »។
ប្រទេសចិនកំពុងពន្លឿនការច្នៃប្រឌិតខាងទ្រឹស្តី ប្រព័ន្ធ និងការអនុវត្តក្នុងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ហើយបានលើកឡើងនូវផែនការអភិបាលកិច្ចដែលសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសនានា នឹងជួយបង្កើតប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលដែលមានសមធម៌ សមហេតុផល បរិយាប័ន្ន និងចែករំលែកគ្នា ប្រឆាំងការបង្កើត “រង្វង់តូច” ដែលបង្កការប្រឈមមុខដាក់គ្នាជាក្រុម ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
ឥស្សរជនអន្តរជាតិជឿជាក់ថា ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតតាមផ្លូវសុចរិតនិងផ្តល់ផលប្រយោជន៍ជាទូទៅ ព្រមនិងជួយបណ្តាប្រទេសសកលខាងត្បូងពង្រឹងការកសាងសមត្ថភាពរបស់ពួកគេ៕
