បទវិភាគ៖ឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”បានកន្លងផុតទៅពាក់កណ្តាលហើយ “អត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ក្នុងសេដ្ឋកិច្ចចិនបន្តកើនឡើងជាបន្តបន្ទាប់
Cambodia News
“ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការវិនិយោគរបស់ចិនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៤,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំនាំចេញផលិតផលឧស្សាហកម្មកម្មន្តសាលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់បានកើនឡើងជិត ៣១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន”។ «របាយការណ៍សង្ខេបអំពីសេដ្ឋកិច្ចចិន»ដែលចេញផ្សាយដោយធនាគារពិភពលោកកាលពីថ្ងៃទី ៧ ខែកក្កដាបានផ្តល់ទិន្នន័យមួយក្រុមដូចការលើកឡើងខាងលើ ។ ក្រោមការដឹកនាំរបស់ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ការវិនិយោគពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់ចិនសម្រេចបាននូវកំណើនលើសពីការប៉ាន់ប្រមាណទុកជាមុន ។ មូលហេតុនៅពីក្រោយនេះគឺតម្រូវការយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងនិងក្រៅប្រទេសចិនចំពោះផលិតផលនិងសេវាកម្មពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ។ ទន្ទឹមនឹងនេះ ការនាំចេញផលិតផលរបស់ចិនដែលបូករួមទាំងរថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធPVដែលជាតំណាងនៃ“ផលិតផលថ្មីទាំងបី”កំពុងជំនួសផលិតផលប្រភេទពលកម្មជាប្រពៃណីបន្តិចម្តងៗ ដែលក្លាយជាក្បាលម៉ាស៊ីនថ្មីក្នុងការជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិរបស់ចិន ។ នេះក៏ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការកើនឡើងជាបន្តបន្ទាប់នៃ “អត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” នៃសេដ្ឋកិច្ចចិនផងដែរ ។
ភាពធន់នៃការផ្តល់កម្លាំងចលករដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបែបនេះ មិនមែនកើតឡើងដោយគ្មានមូលដ្ឋានគ្រឹះនោះទេ វាគឺចាក់ឬសគល់យ៉ាងជ្រាលជ្រៅក្នុងការជ្រើសរើសដោយម្ចាស់ការនិងការប្រតិបត្តិយ៉ាងសកម្មនៃទីផ្សារ ។ មុនដំបូង ក្រោមសម្ពាធ”ការផ្គត់ផ្គង់ខ្លាំង តែតម្រូវការខ្សោយ” ប្រាក់ទុនមិនជ្រើសរើសរលកនិន្នាការដោយងងឹតងងល់ទេ ប៉ុន្តែបានរៀបចំផែនការដោយចំគោដៅទៅលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដែលអាចកសាងរបាំងប្រកួតប្រជែងរយៈពេលវែង ។មិនថាបន្ទះឈីបនិងម៉ាស៊ីនមេកម្រិតខ្ពស់(High-end Server)ដែលគាំទ្រការហ្វឹកហ្វឺនគំរូធំនៃបញ្ញាសិប្បនិម្មិតក៏ដោយ ឬសម្ភារៈកម្រិតខ្ពស់និងឧបករណ៍ផលិតកម្មទំនើបសម្រាប់ការលើកកម្ពស់លំដាប់ថ្នាក់ប្រកបដោយភាពឆ្លាតវៃនៃវិស័យឧស្សាហកម្មកម្មន្តសាល វាសុទ្ធតែបានក្លាយជាចំណុចក្តៅនៃការវិនិយោគ។ការជំរុញឱ្យរចនាសម្ព័ន្ធវិនិយោគបែបនេះមានភាពកាន់តែល្អប្រសើរនិងលំដាប់កាន់តែខ្ពស់គឺជាការបង្ហាញដោយផ្ទាល់បំផុតនៃសេដ្ឋកិច្ចចិនក្នុង”ការលុបបំបាត់ចោលរបស់ចាស់ៗ និងពូនជ្រំរបស់ថ្មីៗ”និងការកើនឡើងជាបន្តបន្ទាប់នៃអត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
ទីពីរ រចនាសម្ព័ន្ធនាំចេញត្រូវបានកែលម្អ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ឧត្តមភាពក្នុងការនាំចេញផលិតផលបែបប្រពៃណីដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិនត្រូវបានកាត់បន្ថយ ហើយធនធានដែលត្រូវបានបញ្ចេញ កំពុងហូរចូលទៅកាន់ឧស្សាហកម្មដែលពឹងផ្អែកលើបច្ចេកវិទ្យា ។ បច្ចុប្បន្ននេះ ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនអាចប្រកួតប្រជែងជាមួយប្រទេសខ្លាំងក្លាខាងឧស្សាហកម្មតាំងពីមុនមក ដូចជាអាមេរិកនិងអឺរ៉ុបជាដើម ។ នេះមិនត្រឹមតែជាការប្រសើរឡើងនៃរចនាសម្ព័ន្ធពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកើនឡើងទាំងមូលនៃខ្សែសង្វាក់គុណតម្លៃឧស្សាហកម្មរបស់ចិនផងដែរ វាបានបញ្ជាក់យ៉ាងខ្លាំងថា សេដ្ឋកិច្ចចិនមានលក្ខណៈពិសេសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែលេចធ្លោ ។
ឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”បានកន្លងផុតទៅពាក់កណ្តាលហើយ។ ប្រឈមមុខនឹងបរិយាកាសចិននិងអន្តរជាតិដ៏ស្មុគស្មាញ តើសេដ្ឋកិច្ចចិននឹងមានសភាពយ៉ាងណា? ចម្លើយមិនមែននៅក្នុងពាក្យស្លោកដែលគ្មានអត្ថន័យនោះទេ ប៉ុន្តែគឺនៅក្នុងទិន្នន័យដ៏រស់រវើកវិញ ។
បើនិយាយជារួម របាយការណ៍នៃធនាគារពិភពលោកនេះ ប្រៀបដូចជាកញ្ចក់មួយដែលបានឆ្លុះបញ្ចាំងពីរូបភាពនៃការធ្វើបរិវត្តកម្មនៃអង្គភាពសេដ្ឋកិច្ចធំនេះ ដែលកំពុងឆ្ពោះទៅមុខក្រោមសម្ពាធ ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ “ការផ្តល់កម្លាំងចលករដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការលើកកម្ពស់គុណភាព” ។ រីឯការបន្តលើកកម្ពស់”អត្រាប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”នៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រកាន់ខ្ជាប់ការជំរុញដោយការច្នៃប្រឌិតថ្មី និងតម្កល់ទុកគុណភាពជាអាទិភាពចម្បង គឺជាជម្រើសរយៈពេលវែងរបស់ចិនក្នុងការដើរឆ្ពោះទៅរកអនាគតកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ហើយក៏ជាលេខសម្ងាត់គន្លឹះក្នុងការសម្រាចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនផងដែរ ៕
