លោក​មីត រ៉ូមនី​មានប្រៀប​លើ​លោក​អូបាម៉ា​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ជុំទីមួយ

មុនដល់ពេលបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៦ វិច្ឆិកា ខាងមុខ លោកអូបា ម៉ា និងលោកមីត រ៉ូមនី (Mitt Romney) ត្រូវធ្វើការជជែកដេញដោលគ្នាមួយទល់ នឹងមួយចំនួន៣លើក។ការជជែកដេញដោលគ្នាលើកទី១ បានប្រព្រឹត្តធ្វើទៅ កាលពី យប់ម្សិលមិញ ហើយសាធារណមតិជាទូទៅ នៅអាមេរិក យល់ថា លោកមីត រ៉ូមនី គឺជាអ្នកមានប្រៀបលើលោកអូបាម៉ា។

នៅក្នុងប្រវត្តិនៃការជជែកដេញដោលគ្នា រវាងបេក្ខជនប្រធានាធិបតីអាមេរិក នាពេលកន្លងមក គេកម្រនឹងឃើញមានការជជែកដេញដោលគ្នាណា ដែលមតិ ស្ទើរតែជាឯកច្ឆន្ទកំណត់ច្បាស់ៗថា បេក្ខជនណាឈ្នះហើយបេក្ខជនណាចាញ់ ដូចជា ការជជែកដេញដោលគ្នា រវាងលោកអូបាម៉ា និងលោករ៉ូមនី កាលពីយប់ មិញ។

អ្នកវិភាគស្ទើរតែគ្រប់គ្នាទាំងអស់ សុទ្ធតែយល់ថា លោកមីត រ៉ូមនី បេក្ខជនមកពី គណបក្សសាធារណរដ្ឋ គឺជាអ្នកមានប្រៀបលើលោកអូបាម៉ា។ពលរដ្ឋអាមេ រិកដែលជាអ្នកគូសសន្លឹកឆ្នោតកំណត់ជោគវាសនាបេក្ខជនទាំងពីរក៏ហាក់ដូច ជាមើលឃើញដូចគ្នានេះដែរ។ការស្ទាបស្ទង់មតិជាច្រើនដែលធ្វើឡើងភ្លាមៗក្រោយ ការជជែកដេញដោលគ្នាយប់មិញនេះសុទ្ធតែបង្ហាញថាពលរដ្ឋអាមេរិកប្រមាណ ជា ៦៧% ឆ្លើយថា លោកមីត រ៉ូមនី គឺជាអ្នកឈ្នះ ក្នុងការជជែកដេញដោល គ្នានេះ។

ក៏ប៉ុន្តែ មានការចោទជាសំណួរថា តើជោគជ័យក្នុងការជជែកដេញដោលគ្នានេះ អាចនឹងជួយលោករ៉ូមនីបានប៉ុណ្ណា ក្នុងការដណ្តើមសន្លឹកឆ្នោតពីលោក អូបាម៉ា?

គិតរហូតមកទល់នឹងមុនពេលមានការជជែកដេញដោលគ្នា កាលពីយប់មិញ គ្រប់ការ ស្ទាបស្ទង់មតិទាំងអស់សុទ្ធតែបង្ហាញថា លោកអូបាម៉ា គឺជាអ្នកមាន ឱកាសឈ្នះ ក្នុងការបោះឆ្នោតនៅខែក្រោយ។ ការស្ទាបស្ទង់មតិរបស់ Reuters/Ipsos នៅក្រោយការជជែកដេញដោលគ្នានេះ បង្ហាញថា លោក អូបាម៉ា នៅតែនាំមុខលោករ៉ូមនី គឺ៤៧%ទល់នឹង៤១%។ហើយនៅសល់តែ មួយខែ ទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោត។

អ្នកវិភាគជាច្រើន ដែលជំនាញខាងការបោះឆ្នោតប្រធានាធិបតីអាមេរិក បានអះ អាងថាកន្លងមកការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីមានឥទ្ធិពល តិចតួចណាស់ ទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។ អ្នកណាដែលបាន សម្រេច ចិត្តជ្រើសរើសបេក្ខជនណាមួយហើយ កម្រនឹងប្តូរចិត្តវិញ ដោយសារតែ ការជជែកដេញដោលគ្នា រវាងបេក្ខជនណាស់។ ក៏ប៉ុន្តែឱកាសសម្រាប់ លោក រ៉ូមនី នៅតែមាន ដោយសារតែនៅមានពលរដ្ឋអាមេរិកច្រើនទៀត ដែលនៅ មិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយ។

ដូច្នេះ លោករ៉ូមនី នៅសល់ពេលមួយខែ និងការជជែកដេញដោលគ្នាពីរលើក ទៀត ដើម្បីដេញឲ្យទាន់ និងយកឈ្នះលោកអូបាម៉ា៕

ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close