សភាតួគីអនុញ្ញាតជាគោលការណ៍ឲ្យកងទ័ពតួកគីធ្វើប្រតិបត្តិការឆ្លងព្រំដែនទៅស៊ីរី
កាលពីយប់ម្សិលមិញ កងទ័ពតួកគីបានបាញ់ផ្លោងទៅលើទីតាំងទ័ពរបស់ស៊ីរី ក្រោយពីមានគ្រាប់ផ្លោងបាញ់ចេញពីទឹកដីស៊ីរី ធ្លាក់ចូលក្នុងភូមិរបស់តួកគី បណ្តាលឲ្យជនស៊ីវិល ៥នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលតួកគីបានស្នើសុំឲ្យសភា អនុម័តច្បាប់ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យកងទ័ពតួកគីបើកធ្វើប្រតិបត្តិការឆ្លង ព្រំដែនទៅខាងស៊ីរី។ក្នុងពេលជាមួយគ្នា តួកគីក៏បានខ្នះខ្នែងរកការគាំទ្រផងដែរ ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប.និងពីបក្សសម្ព័ន្ធអូតង់ ដែលតួកគី គឺជាសមាជិក។
វិបត្តិស៊ីរី ដែលបានអូសបន្លាយពេលប្រមាណជា ១ឆ្នាំកន្លះមកហើយនោះបាន រាលដាលឆ្លងទៅកាន់ប្រទេសជិតខាងម្តងមួយៗរាប់ចាប់ពីការបាញ់ផ្លោង ចូល ក្នុងទឹកដីរបស់លីបង់ និងអ៊ីស្រាអែល ការផ្ទុះអាវុធដាក់គ្នា រវាងទាហានរដ្ឋាភិបាល ស៊ីរីនិងទាហានហ្សកដានី ហើយចុងក្រោយ កាន់តែធ្ងន់ធ្ងរគឺការបាញ់ផ្លោង ចូលមកក្នុងភូមិរបស់តួកគីដែលជាមហាអំណាចយោធាមួយក្នុងតំបន់និងជាសមាជិក បក្សសម្ព័ន្ធអូតង់។
ជាការពិត ភាពតានតឹងរវាងតួកគី និងស៊ីរី បានកើតមានមួយរយៈមកហើយ ជាពិសេស គឺ ក្រោយពីស៊ីរីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់តួកគី។ ការបាញ់ផ្លោង ពីខាង ស៊ីរីឆ្លងព្រំដែនធ្លាក់ចូលក្នុងទឹកដីតួកគី ក៏ធ្លាប់កើតមានជាច្រើនលើកដែរ ក៏ប៉ុន្តែរាល់លើក តួកគីបានត្រឹមតែធ្វើការព្រមាន ដោយមិនបាញ់តបតទៅស៊ីរីវិញ ទេ។
ការបាញ់ផ្លោងកាលពីយប់ម្សិលមិញនេះ ជាករណីធ្ងន់ធ្ងរដោយសារតែវាបាន បណ្តាលឲ្យស្លាប់ជនស៊ីវិលតួកគី។ ភ្លាមៗកងទ័ពតួកគីក៏បានបាញ់ផ្លោង ទៅលើទីតាំងមួយចំនួន របស់កងទ័ពស៊ីរី ដែលស្ថិតនៅជាប់ព្រំដែន។ ការបាញ់ ផ្លោងទៅលើស៊ីរីនេះនៅតែបន្តធ្វើ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍។
អង្គការអូតង់ដែលបានកោះប្រជុំជាបន្ទាន់កាលពីយប់ម្សិលមិញនេះបានប្រកាសថា ខ្លួនឈរនៅខាងតួកគី ដែលជាសមាជិក ហើយទាមទារឲ្យស៊ីរីបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានលើច្បាប់អន្តរជាតិ។
នៅញូវយ៉ក តួកគីក៏បានស្នើសុំផងដែរឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ចាត់វិធា នការចាំបាច់ ដើម្បីបញ្ឈប់ទង្វើបំពានរបស់ស៊ីរី។ មន្រ្តីទូតអ.ស.ប.បានបង្ហើបឲ្យ ដឹងថា សមាជិកមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខចង់ឲ្យក្រុមប្រឹក្សា ចេញសេច ក្តីថ្លែងការណ៍ភ្លាមៗ ដើម្បីថ្កោលទោសស៊ីរី និងទាមទារឲ្យស៊ីរីបញ្ឈប់ ការរំលោភលើបូរណភាពទឹកដីរបស់តួកគី។ ក៏ប៉ុន្តែ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត របស់លោកអាសាដ ហើយដែលធ្លាប់បានប្រើសិទ្ធិវ៉េតូលើសេចក្តីសម្រេចជុំវិញ វិបត្តិស៊ីរី ៣លើក រួចមកហើយនោះ បានសុំពន្យារពេលបន្តិចសិន។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលស៊ីរីបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ ផ្លោងចូលទៅក្នុងទឹកដីរបស់តួកគីមែន ក៏ប៉ុន្តែ ការបាញ់ផ្លោងនេះមិនមែន ធ្វើឡើងដោយចេតនានោះទេ។ ស៊ីរីក៏បានសន្យាដែរថា នឹងមិនឲ្យហេតុការណ៍នេះ កើតឡើងទៀតទេ ទៅថ្ងៃអនាគត។
ទោះជាយ៉ាងណា មន្រ្តីយោធាតួកគីបានបង្ហើបឲ្យដឹងថា តួកគីបានបង្កើ នកម្លាំងទ័ពទៅព្រំដែនជាមួយស៊ីរី ហើយរដ្ឋាភិបាលតួកគីក៏បានស្នើសុំផងដែរឲ្យ រដ្ឋសភាអនុម័តច្បាប់ជាបន្ទាន់មួយដើម្បីអនុញ្ញាតឲ្យកងទ័ពតួកគីអាចបើកប្រតិ បត្តិ ការឆ្លងដែនចូលទៅខាងទឹកដីស៊ីរី ក្នុងករណីចាំបាច់។ ច្បាប់នេះត្រូវបាន សភាតួកគីអនុម័តនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ ឧបនាយករដ្ឋមន្រ្តី តួកគីបានអះអាងថា ការអនុម័តច្បាប់នេះមិនមែនមានន័យថា តួកគីប្រកាសសង្រ្គាម ជាមួយនឹងស៊ីរីនោះទេគឺគ្រាន់តែជាការអនុញ្ញាតជាគោល ការណ៍ ដើម្បីត្រៀមទុក ក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ហើយនេះ គឺជាការព្រមានយ៉ាងច្បាស់ទៅ រដ្ឋាភិបាលស៊ីរី៕ដោយ សេង ឌីណា (RFI)