ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

Cambodia News

ជាការរំពឹងទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍​ជោគ​វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។

ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាងប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់របស់កម្ពុជា ហើយជាប្រភពដ៏សំខាន់នៃការវិនិយោគ ពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាតថភាព ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនុកចិត្តនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យកាន់តែស៊ីសង្វាក់គ្នា។ ជាពិសេស ការជំរុញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ឱ្យផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា នឹងបន្តបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។

 

ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោក៏ជាការពង្រឹងទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនៃទំនាក់ទំនងរដ្ឋនិងរដ្ឋ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សនៃប្រទេសយើងទាំងពីរបានរក្សាការផ្លាស់ប្តូរបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការអភិវឌ្ឍសង្គម និងការបណ្តុះបណ្តាលមន្ត្រីជំនាន់ក្រោយ។ ទំនាក់ទំនងបក្សនិងបក្សនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងបង្កើតទំនុកចិត្តនយោបាយកម្រិតខ្ពស់ ដែលជាកត្តាចម្បងសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។

ជាប្រត្យក្សភាព ដំណើរទស្សនកិច្ចលើកនេះត្រូវបានអ្នកសិក្សាស្រាវជ្រាវនានារំពឹងថានឹងបន្តជំរុញការផ្លាស់ប្តូររវាងយុវជននៃបក្សកាន់អំណាចទាំងពីរ ។ ​ក្នុងយុគសម័យឌីជីថល និងសកលភាវូបនីយកម្ម ការបណ្តុះបណ្តាល និងការតភ្ជាប់យុវជនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរក្សា និងអភិវឌ្ឍចំណងមិត្តភាពរយៈពេលវែង។ តាមរយៈកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាយុវជន អ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធអភិបាលកិច្ច និងទស្សនវិស័យអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមកតាមរយៈអនុស្សារណៈដែលភាគីនៃប្រទេសយើងទាំងពីរបានព្រមព្រៀងរួមគ្នា​ ។ ការវិនិយោគលើយុវជនបន្តវេនមិនមែនគ្រាន់តែជាការបន្តទំនាក់ទំនងបក្សនិងបក្សប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា ចំណងមិត្តភាពកម្ពុជា-ចិននឹងបន្តរឹងមាំ និងមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ។ នៅពេលយុវជននៃប្រទេសទាំងពីរមានការយល់ដឹង ស្គាល់គ្នា និងជឿទុកចិត្តគ្នាកាន់តែច្រើន នោះទំនាក់ទំនងរដ្ឋនិងរដ្ឋ ក៏ដូចជាទំនាក់ទំនងប្រជាជននិងប្រជាជន នឹងមានមូលដ្ឋានកាន់តែរឹងមាំផងដែរ។

ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់អនាគតទំនាក់ទំនងកម្ពុជា-ចិន ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបន្តវេនចំណងមិត្តភាពរវាងយុវជននៃបក្សកាន់អំណាចទាំងពីរ​។ នេះគឺជាការវិនិយោគលើអនាគត ដែលនឹងធានាឱ្យទំនាក់ទំនងរដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បន្តរីកចម្រើនប្រកបដោយស្ថិរភាព ភាពជឿទុកចិត្ត និងផលប្រយោជន៍រួមទៅវិញទៅមកក្នុងរយៈពេលយូរអង្វែង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close