លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយលោក Kim Jong-un
Cambodia News
យប់ថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងព្យុងយ៉ាង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយលោក Kim Jong-unអគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ ជាខួប ៦៥ ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការមេត្រីភាពចិន-កូរ៉េខាងជើង» ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយលោកអគ្គលខាធិការបក្ស Kim Jong-un។ យើងបានសម្គាល់ឃើញជាឯកច្ឆន្ទថា ត្រូវក្តាប់ជាប់និន្នាការនៃយុគសម័យ ស្តីពីអនាគតនិងជោគវាសនានៃសង្គមនិយម សម្របតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងយុទ្ធសាស្រ្ត ត្រួសត្រាយកិច្ចសហប្រតិបត្តិប្រាកដប្រជា បង្កើនការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ជំរុញឱ្យទំនាក់ទំងចិន-កូរ៉េខាងជើងអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ និងជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើនឥតឈប់ឈរ។
ជាការឆ្លើយតប លោក Kim Jong-un បានថ្លែងថា ខ្ញុំបានជួបសន្ទនាជាថ្មីម្តងទៀតជាមួយលោកអគ្គលេខាធិការបក្ស Xi Jinping បន្ទាប់ពី ៩ ខែក្រោយ យើងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការជំរុញទំនាក់ទំនងកូរ៉េខាងជើង-ចិនដែលប្រកបដោយអត្ថន័យក្នុងយុគសម័យថ្មីបន្ថែមទៀតក្នុងបរិបទបម្រែបម្រួលស្ថានការណ៍ថ្មី ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រការនេះមុខជានឹងជំរុញចំណងមិត្តភាពប្រពៃណីរវាងកូរ៉េខាងជើងនិងចិនឱ្យវិវឌ្ឍរីកចម្រើនកាន់តែលឿនដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកជាមិនខាន៕
