លោក Han Zheng អនុប្រធានរដ្ឋចិនបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស
Cambodia News
ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបេឡារុស លោក Han Zheng អនុប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស និងជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Turchin នាយករដ្ឋមន្រ្តីបេឡារុសនិងលោក Nikolai Snopkov ឧបនាយករដ្ឋមន្ត្រីទី ១ របស់បេឡារុសនៅទីក្រុង Minsk ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ លោក Han Zheng និងលោក Snopkov បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកនៃវេទិកាសហប្រតិបត្តិការផ្នែកឧស្សាហកម្មនិងវិនិយោគចិន-បេឡារុសនិងព្រឹត្តិការណ៍ពិសេសក្រោមប្រធានបទ”ការចែករំលែកទីផ្សារធំ៖ នាំចេញទៅប្រទេសចិន” ។ លោក Han Zheng បានថ្លែងថា ប្រទេសចិនរីករាយបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសបេឡារុស ស្វែងរកពីសក្តានុពលសម្រាប់ជំរុញកំណើនពាណិជ្ជកម្មនិងពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មនិងវិនិយោគ ។
ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពង្រីកការបើកទូលាយកម្រិតខ្ពស់ទៅកាន់ពិភពខាងក្រៅ ដើម្បីផ្តល់នូវលំហទីផ្សារកាន់តែធំទូលំទូលាយ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសនានានៅលើពិភពលោក បូករួមទាំងប្រទេសបេឡារុសផងដែរ ។ តំណាងជិតមួយពាន់នាក់ដែលមកពីមជ្ឈដ្ឋាននយោបាយនិងធុរកិច្ចរបស់ប្រទេសទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ហើយសហគ្រាសរបស់ភាគីទាំងពីរបានធ្វើការពិភាក្សាខាងធុរកិច្ចនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ៕