នាយករដ្ឋមន្រ្តីជប៉ុនរុះរើសមាសភាពរដ្ឋាភិបាល បញ្ចូលអ្នកនយោបាយស្និទ្ធិជាមួយចិន
លោកយ៉ូស្ហ៊ីហ៊ីកូណូដា(YoshihikoNoda)នាយករដ្ឋមន្រ្តីជប៉ុនដែលរដ្ឋាភិបាល របស់លោកកំពុងតែធ្លាក់ប្រជាប្រិយភាពនោះនៅថ្ងៃចន្ទនេះបានសម្រេចរុះរើស មាសភាពគណៈរដ្ឋមន្រ្តីរបស់លោក ដើម្បីព្យាយាមស្តារប្រជាប្រិយភាពឡើងវិញ មុននឹងការបោះឆ្នោតជាតិមកដល់។ នៅក្នុងពេលដែលជម្លោះដែនដីវាង ជប៉ុននិងចិន កំពុងតែកើនឡើងខ្លាំងនោះ គេឃើញមានឥស្សរជននយោបាយ ជប៉ុន ម្នាក់ ដែលគេស្គាល់ថាមានទំនាក់ទំនងល្អជាមួយចិន ក៏ត្រូវបានលោកណូដា ដាក់បញ្ចូលក្នុងសមាសភាពរដ្ឋាភិបាលថ្មីនេះដែរ។
គឺជាការរុះរើគណៈរដ្ឋមន្រ្តី ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងគោលដៅស្តារ ប្រជាប្រិយភាពក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នារក្សានិរន្តរភាពរដ្ឋាភិបាល។ នេះគឺជា សេចក្តីសន្និដ្ឋានរួម នៃសមាសភាពរដ្ឋាភិបាលថ្មីរបស់លោកយ៉ូស្ហ៊ីហ៊ីកូ ណូដា។
គេសង្កេតឃើញថា រដ្ឋមន្រ្តីក្រសួងសំខាន់ៗមួយចំនួនជាពិសេសក្រសួងការបរទេស និងក្រសួងការពារជាតិ គឺត្រូវរក្សាទុកដដែល ក្នុងពេលដែលជប៉ុនកំពុងតែមានភាព តានតឹងផ្នែកការទូតជាមួយចិនជុំវិញជម្លោះដណ្តើមកោះ។ក៏ប៉ុន្តែ ទាក់ទងនឹង ជម្លោះ ជាមួយចិននេះ គេមានការចាប់អារម្មណ៍ជាពិសេស ទៅលើសមាជិកម្នាក់ ក្នុងរដ្ឋាភិបាលថ្មីរបស់លោកណូដា គឺលោកស្រី ម៉ាគីកូ តាណាកា (Makiko Tanaka)។
លោកស្រី ម៉ាគីកូ តាណាកា គឺជាកូនស្រីរបស់លោកតាណាកា អតីតនាយករដ្ឋ មន្រ្តីជប៉ុន ដែលបានចងភ្ជាប់ទំនាក់ទំនងការទូតជាមួយចិន កាលពី៤០ឆ្នាំមុន ហើយ បច្ចុប្បន្ននេះ ត្រកូលតាណាកាត្រូវបានគេស្គាល់ជាទូទៅថាមានទំនាក់ទំនងល្អ ជាមួយចិន ហើយខាងភាគីចិន ក៏មានការគោរពចំពោះក្រុមគ្រួសារតាណាកានេះដែរ។ ហេតុដូច្នេះហើយបានជាក្រុមអ្នកវិភាគជាទូទៅយល់ថា ការដែលលោកណូដាតែង តាំងលោកស្រីតាណាកាក្នុងសមាសភាពរដ្ឋាភិបាលថ្មីនៅពេលនេះគឺក្នុង គោល បំណងបន្ធូរបន្ថយភាពតានតឹងជាមួយចិន។
ជាការពិត គឺដូចជាលោកណូដាខ្លួនលោកផ្ទាល់បានថ្លែងប្រាប់អ្នកសារព័ត៌ មានដែរថា លោកស្រីតាណាកា ត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងអប់រំ មិនមែនជារដ្ឋ មន្រ្តីការបរទេសនោះទេ។ដូច្នេះការតែងតាំងលោកស្រីតាណាកាមិនមានអ្វីជាប់ ពាក់ព័ន្ធនឹងជម្លោះជាមួយចិននោះទេ។ ក៏ប៉ុន្តែ សាស្រ្តាចារ្យផ្នែកខាង វិទ្យាសាស្រ្តនយោបាយនៅសកលវិទ្យាល័យជប៉ុនបានអះអាងថាមិនថាលោក នាយករដ្ឋមន្រ្តីណូដា និយាយដោះសារបែបណានោះទេ ការតែងតាំងលោកស្រី តាណាកា ទៅក្នុងរដ្ឋាភិបាលនៅពេលនេះ គឺប្រាកដធ្វើឡើង ដើម្បីជាសារមួយ ទៅកាន់ចិនថា ជប៉ុនមានឆន្ទៈសម្របសម្រួល បន្ធូរបន្ថយភាពតានតឹង ជាមួយ ចិន។ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងអប់រំថ្វីដ្បិតតែមិនមានទំនាក់ទំនងដោយ ផ្ទាល់ ជាមួយចិន ដូចជា រដ្ឋមន្រ្តីក្រងការបរទេស ក៏ប៉ុន្តែ លោកស្រីតាណាកា នៅតែ អាចជួយដោយប្រយោលក្នុងស្តារទំនាក់ទំនងជាមួយចិនឡើងវិញ ដូចជា តាមរយៈ កម្ម វិធីដោះដូរសិស្សនិស្សិត ឬកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាដើម។
គួររំឭកឡើងវិញផងដែរថា លោកយ៉ាស្ហ៊ីហ៊ីកូ ណូដា ធ្លាប់បានសន្យានាពេល ថ្មីៗនេះថា លោកនឹងរៀបចំបោះឆ្នោតជាតិសាជាថ្មី នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ ក៏ប៉ុន្តែ ការស្ទាបស្ទង់មតិជាច្រើនបង្ហាញថា នៅពេលនេះ គណ បក្សរបស់លោកណូដា កំពុងតែបាត់បង់ប្រជាប្រិយភាពខ្លាំងដែលអាចនឹងត្រូវបាត់ បង់អំណាចទៅក្នុងដៃគណបក្សប្រឆាំង គឺគណបក្សអភិរក្សនិយម LDP ដែល ធ្លាប់កាន់អំណាចនៅជប៉ុនរាប់ទសវត្សរ៍ នាពេលកន្លងមក។ កាលពីសប្តាហ៍ មុននេះ គណបក្ស LDP ទើបនឹងបានជ្រើសរើស លោកស្ហ៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន ឲ្យមកធ្វើជាប្រធាន ហើយលោកស្ហ៊ីនហ្សូ អាបេ ទំនងជាឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីប្រជែងជាមួយគណ បក្សរបស់លោកណូដា ក្នុងការបោះឆ្នោតខាងមុខ៕ដោយ សេង ឌីណា (RFI)