តើការបំផុសសង្គ្រាមនិងការធ្វើអនុត្តរភាពលើប្រទេសដទៃជាការស្វែងរក«សន្តិភាព»និង«សន្តិសុខ»ឬ?
Cambodia News
«សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» ហើយក៏មិនអាចនាំមកនូវសន្តិភាពឬសន្តិសុខនោះដែរ នេះជាឡូហ្ស៊ីកដែលគេទទួលស្គាល់ជាទូទៅ។ ក៏ប៉ុន្តែ សម្រាប់«ឡូហ្ស៊ីកទំនើង»ដែលមានតែអញជាធំរបស់អាមេរិកវិញ ការគំរាមកំហែងឬវាយប្រហារប្រទេសដទៃដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនវាជារឿង«ត្រឹមត្រូវ»។
តាំងពីដើមមក មិនថាវិស័យពាណិជ្ជកម្មឬវិស័យអ្វីក៏ដោយ ក៏អាមេរិកតែងផ្សារភ្ជាប់វាជាមួយនឹងអ្វីដែលហៅថា«សន្តិសុខជាតិ» ហើយសម្លុតកំហែងឬដាក់ទណ្ឌកម្មប្រទេសដទៃក្រោមលេស«បង្កផលប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក»។ តើក្នុងនាមជាប្រទេសមហាអំណាចធំទីមួយលើពិភពលោក សន្តិសុខជាតិរបស់អាមេរិកមានភាពផុយស្រួយរហូតដល់ប្រទេសណាក៏អាចបង្កការគំរាមកំហែងបានឬ?
ពីការចាប់ខ្លួនប្រធានាធិបតីស្របច្បាប់នៃប្រទេសវ៉េណេស៊ុយអេឡាដែលជារដ្ឋអធិបតេយ្យ រហូតដល់ការបំផុសសង្គ្រាមលើអ៊ីរ៉ង់ អាមេរិកបានប្រើពាក្យថា «ដើម្បីការពារសន្តិសុខជាតិរបស់វ៉េណេស៊ុយអេឡា» ដែលជាការជ្រៀតជ្រែកយ៉ាងកំរោលចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាពិសេសបន្ទាប់ពីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដោយបំពានច្បាប់អន្តរជាតិយ៉ាងគឃ្លើនក្រោមលេស«អន្តរាគមន៍យោធា» លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ហើយត្រៀមបូមយកប្រេងបម្រុងរបស់ប្រទេសមួយនេះ ដែលជាគោលដៅពិតប្រាកដនៃប្រតិបត្តិការយោធារបស់អាមេរិក។
ចំណែកការវាយប្រហារអ៊ីរ៉ង់វិញ អាមេរិកក៏បានអះអាងថា «អ៊ីរ៉ង់គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក»។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ក្នុងខណៈពេលដែលអាមេរិកវាយប្រហារលើអ៊ីរ៉ង់ គឺប្រតិភូនៃប្រទេសទាំងពីរអាមេរិកនិងអ៊ីរ៉ង់កំពុងធ្វើការចរចាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ហើយទទួលបានលទ្ធផលវិជ្ជមានមួយចំនួនទៅហើយ។ ការដែលអាមេរិកនិងអ៊ីស្រាអែលវាយប្រហារចំពោះអ៊ីរ៉ង់មានន័យថា ក្នុងជម្រើសរវាងការចរចានិងការធ្វើសង្គ្រាម អាមេរិកបានជ្រើសយកការធ្វើសង្គ្រាម ដែលជាទម្លាប់របស់អាមេរិកដោយសំអាងលើកម្លាំងទ័ពនិងសព្វាវុធរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៦ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសបង្កើត«ក្រុមប្រឹក្សាសន្តិភាព»ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស Davos ដោយឱ្យនិយមន័យក្រុមប្រឹក្សានេះថាជាអង្គការអន្តរជាតិមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយសន្តិភាព និងការដោះស្រាយជម្លោះសម្រាប់តំបន់ដែលរងសង្គ្រាម និងភាពអស្ថិរភាព។ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកផ្តួចផ្តើមឱ្យបង្កើត«ក្រុមប្រឹក្សាសន្តិភាព» អាមេរិកបែរជាបាន«ដោះស្រាយបញ្ហា»ដោយការសម្លុតកំហែងដំឡើងពន្ធគយ ការវាយប្រហារដោយយោធានិងការធ្វើអនុត្តរភាពលើប្រទេសដទៃ ដូចជាករណីថ្មីបំផុតនៅប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ជាដើម ហើយបើតាមលោក ត្រាំ ប្រទេសគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់ដែលត្រូវរងការវាយប្រហារពីអាមេរិក។
ជាលទ្ធផលនៃការប្រើប្រាស់កម្លាំងអាវុធ បច្ចុប្បន្នពិភពលោកទាំងមូលបាននិងកំពុងរងផលវិបាកដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ពិសេសការឡើងថ្លៃប្រេងបានធ្វើឱ្យប៉ះផលជាទូទៅចំពោះជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសនានា។ ករណីដែលកើតឡើងជាក់ស្តែងបានប្រាប់យើងថា ការបំផុសសង្គ្រាមវាមិនអាចនាំមកនូវសន្តិភាពឬសន្តិសុខនោះទេ ពោលគឺមានតែផលវិនាសនិងផលវិបាកបន្ទាប់បន្សំ ហើយត្រូវបង់តម្លៃដោយប្រជាជនស្លូតត្រង់។
ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ការធ្វើពាណិជ្ជកម្មជាមួយគ្នាត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នានិងស្មើភាព ទើបអាចទទួលបានលទ្ធផលឈ្នះ-ឈ្នះ។ ប៉ុន្តែគោលនយោបាយ«អាមេរិកជាអាទិភាព»និងការធ្វើឱ្យរឿងពាណិជ្ជកម្មជាប្រក្រតីជាប់ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយឬរឿងសន្តិសុខជាតិ ដែលអាមេរិកតែងប្រព្រឹត្តជាញឹកញាប់បាននាំឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មជាច្រើនលើកជាមួយប្រទេសផ្សេងៗ ពិសេសប្រទេសចិនដោយសារទង្វើអនុវត្តរភាពរបស់អាមេរិកដែលគាបសង្កត់សហគ្រាសបរទេស រហូតដល់ការដំឡើងពន្ធគយខ្ពស់កប់ដែលធ្វើឱ្យខូចខាតទាំងផលប្រយោជន៍របស់សហគ្រាសបរទេសនិងប្រជាជនអាមេរិកផ្ទាល់។ អ្វីដែលគេកត់សម្គាល់គឺ ការចោទប្រកាន់របស់អាមេរិកថាសហគ្រាសនេះសហគ្រាសនោះ«មានហានិភ័យចំពោះសន្តិសុខជាតិរបស់អាមេរិក» ចុងក្រោយគឺអាមេរិកចង់គ្រប់គ្រងសហគ្រាសពាក់ព័ន្ធដោយខ្លួនឯង ដើម្បីជាផលប្រយោជន៍ខាងពាណិជ្ជកម្មតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីបន្តិចជាមួយនឹងសន្តិសុខជាតិនោះឡើយ ឧទាហរណ៍ដូចជារឿងក្រុមហ៊ុនTik Tok ជាដើម។
ជារួម មិនថាការថែរក្សាសន្តិភាពឬសន្តិសុខជាតិនោះឡើយ គឺត្រូវផ្អែកលើការធ្វើការជាមួយគ្នាដោយស្មើភាពនិងគោរពអធិបតេយ្យភាពទៅវិញទៅមក។ សន្តិភាពមិនដែលកើតចេញពីសង្គ្រាមនោះទេ ហើយការថែរក្សាសន្តិសុខជាតិក៏មិនមែនមានន័យថាត្រូវផ្អែកលើការសម្លុតកំហែងឬគាបសង្កត់អ្នកដទៃនោះដែរ។ ពិភពលោកដែលមានអរិយធម៌ចម្រុះ ត្រូវការការសន្ទនា និងការរៀនសូត្រពីគ្នា ដើម្បីយល់ដឹងពីគ្នា យោគយល់គ្នា ទើបអាចគ្រប់គ្រងការខ្វែងគំនិតនិងបញ្ចៀសការប៉ះទង្គិច ហើយអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់នាំមកនូវសន្តិភាពនិងសន្តិសុខជាតិយ៉ាងពិតប្រាកដ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

