បទវិភាគ៖មាគ៌ាអភិវឌ្ឍន៍របស់ចិនផ្ដល់ការបំផុសគំនិតដល់ពិភពលោក
Cambodia News
ខណៈពេលដែលពិភពលោកកំពុងឈរនៅចំណុចប្រសព្វគ្នានៃប្រវត្តិសាស្ត្រនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ផែនការគោលស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូលម្តងទៀត ។ «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ កាលពីខែតុលា ឆ្នាំ ២០២៥ មិនត្រឹមតែបានគ្រោងផែនការគោលស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន(២០២៦-២០៣០)ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីរូបមន្តអភិវឌ្ឍន៍ថ្មីដែលពឹងផ្អែកលើខ្លួនឯងនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទៅកាន់ពិភពលោកតាមរយៈបញ្ហាយុគសម័យចំនួនពីរស្តីពីការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងកាលានុវត្តភាពខាងទីផ្សារដ៏ធំធេងផងដែរ ។ ប្រការនេះមិនត្រឹមតែជាជម្រើសយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់តម្រិះប្រាជ្ញាបូព៌ាសម្រាប់ដោះស្រាយភាពជាប់គាំងខាងការអភិវឌ្ឍជាសកលផងដែរ ។
ទីមួយ ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ៖ជាសក្ខីភាពនៃការលើកកម្ពស់បែបលោតផ្លោះជាយុទ្ធសាស្ត្រពីការឆ្លើយតបនឹងហានិភ័យដល់ការដឹកនាំទិសដៅនៅពេលអនាគត
សំណើស្តីពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បានលើកឡើងថា៖”ត្រូវពន្លឿនការសម្រេចបាននូវការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាកម្រិតខ្ពស់ដោយឯករាជ្យម្ចាស់ការដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។ ប្រការនេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះនិម្មាបនកម្មប្រកួតប្រជែងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលផងដែរ ។ ជាមួយគ្នានេះដែរ ប្រការនេះក៏ជានិមិត្តសញ្ញាបង្ហាញថា ការធ្វើបរិវត្តកម្មយ៉ាងជ្រាលជ្រៅនៃយុទ្ធសាស្ត្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានប្រែក្លាយពី”ការពឹងផ្អែកលើខ្លួនឯង”ទៅជា”ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការ” ក្នុងគោលបំណងមិនត្រឹមតែបានបម្រះខ្លួនចេញផុតពីភាពលំបាកប៉ុណ្ណោះទេ ថែមទាំងត្រូវ”ឈរនៅកម្រិតខ្ពស់ កំណត់ក្បួនច្បាប់និងទទួលឈ្នះនៅពេលអនាគត”ផងដែរ ។
ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននិងជាការទ្រទ្រង់ដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ។ ជានិច្ចកាល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព ជំរុញឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាននិងជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅ សំដៅខិតខំប្រឹងប្រែងបង្រួមគម្លាតខាងបច្ចេកទេស ។
បច្ចុប្បន្ននេះ កម្លាំងជាក់ស្តែងបច្ចេកវិទ្យារបស់ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាទូទៅដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ជាស្រេចសម្រាប់បោះជំហានឆ្ពោះទៅរកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនមានចំនួនលើសពី ៣,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានទំហំវិនិយោគជិតកម្រិតគិតជាមធ្យមនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD) ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួននីយបត្រតក្កកម្មអន្តរជាតិសុទ្ធតែបានឈរនៅលំដាប់ទីមួយលើពិភពលោកក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា ។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោកដែលបានផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។
យ៉ាងណាមិញ កម្រិតខ្ពស់ដ៏ពិតប្រាកដបានបង្ហាញឱ្យឃើញក្នុងវិស័យចំនួន ៣ ៖ទីមួយគឺ សមត្ថភាពដែលប្រកបដោយភាពស្វ័យម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ទាំងមូល សម្រេចបាននូវសមិទ្ធផលប្រកបដោយលក្ខណៈវាយទម្លុះក្នុងវិស័យយុទ្ធសាស្ត្រដែលចាំបាច់ត្រូវប្រកួតប្រជែងដូចជាថាមពលថ្មីនិងសម្ភារៈថ្មីជាដើម ។ ទីពីរគឺ ប្រសិទ្ធភាពនៃប្រព័ន្ធច្នៃប្រឌិតថ្មីដែលមានភាពបន្ស៊ីគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ បានបំបាត់របាំងរវាងការផលិត សិក្សានិងស្រាវជ្រាវ ។ ទីបីគឺ ការលើកកម្ពស់បែបលោតផ្លោះនៃសិទ្ធិបញ្ចេញមតិក្នុងអភិបាលកិច្ចផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្តសកល ។
ព្រមពេលជាមួយគ្នានេះ ប្រឈមមុខនឹងសមិទ្ធផលដ៏លេចធ្លោដែលមានលក្ខណៈបដិវត្តន៍ក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច បច្ចេកវិទ្យាជីវសាស្រ្តនិងថាមពលស្អាតជាដើម ប្រទេសចិនកំពុងប្រែក្លាយពី”អ្នកដេញតាមបច្ចេកវិទ្យា”ទៅជា”អ្នកនាំមុខនវានុវត្តន៍” ។
ទីពីរ កាលានុវត្តភាពទីផ្សារដ៏ធំធេង៖តក្កវិជ្ជាអភិវឌ្ឍន៍ដែលជំរុញដោយតម្រូវការក្នុងស្រុកនិងចែករំលែកជាមួយពិភពលោក
ទីផ្សារដ៏ធំធេងដែលបង្កើតឡើងដោយចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង ៤ រយលាននាក់គឺជាទីបង្អែកដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងផ្តោតលើការដោះស្រាយបញ្ហាលេចធ្លោដូចជាតម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ដែលបានបង្កើនកម្លាំងចលករផ្ទៃក្នុងនិងភាពដែលអាចពឹងផ្អែកបាននៃការវិលជុំក្នុងស្រុកតាមរយៈការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា ។ នេះមិនមែនជាការផ្លាស់ប្តូរទៅរកការបិទខ្ទប់ទេ តែគឺបន្តពង្រីកការបើកទូលាយចំពោះបរទេសឱ្យបានកាន់តែស៊ីជម្រៅខណៈពេលដែលជំរុញការឡើងចំណាត់ថ្នាក់នៃការប្រើប្រាស់និងពង្រីកតម្រូវការក្នុងស្រុក ។
ភាពធំធេងនៃទីផ្សាររបស់ចិនមិនត្រឹមតែបានឆ្លុះបញ្ចាំងក្នុងទ្រង់ទ្រាយរបស់វាប៉ុណ្ណោះទេ ថែមទាំងបានស្ថិតនៅត្រង់ថា កាលានុវត្តភាពថ្មីដែលនាំមកដោយការឡើងចំណាត់ថ្នាក់នៃរចនាសម្ព័ន្ធផងដែរ ។ ពីការបង្កើនកម្លាំងនៃការពង្រីកការអនុវត្តគោលនយោបាយ”ជំរុញការធ្វើបច្ចុប្បន្នភាពជុំថ្មីនូវគ្រឿងសម្ភារៈនិងការយករបស់ចាស់ទៅប្តូររបស់ថ្មីដោយទ្រង់ទ្រាយធំ”(ហៅកាត់ថា គោលនយោបាយ”ថ្មីពីរ”)ដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកនិងសេដ្ឋកិច្ចសម្រាប់មនុស្សវ័យជរាយ៉ាងសកម្ម រហូតដល់ការអនុវត្តការធ្វើបច្ចុប្បន្នភាពទីក្រុង ។ល។ វិធានការទាំងនេះកំពុងបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏ធំធេង ។ ពីចំនួនលក់ដូររថយន្តថាមពលថ្មីរបស់ចិនបានស្ថិតនៅចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោកក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដល់សមាមាត្រនៃ”សេដ្ឋកិច្ចថ្មីចំនួនបី” (ហៅកាត់ថា ឧស្សាហកម្មថ្មី មុខរបរថ្មីនិងរូបមន្តថ្មី)មានចំនួនលើសពី ១៨,១ ភាគរយនៃ GDP ទីផ្សាររបស់ចិនបានក្លាយជាកន្លែងពិសោធន៍សម្រាប់ការច្នៃប្រឌិតថ្មីសកល ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ កាលានុវត្តភាពទីផ្សាររបស់ប្រទេសចិនកំពុងប្រែក្លាយទៅជាផលលាភនៃការអភិវឌ្ឍពិភពលោកចែករំលែកជាមួយគ្នា ។ លោក Siddharth Chatterjee អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិនបានថ្លែងនាពេលថ្មីៗកន្លងទៅនេះថា ”ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ឆ្លងតាមរយៈគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកជាដើម បទពិសោធអភិវឌ្ឍន៍របស់ចិនកំពុងកែប្រែមុខមាត់របស់តំបន់ជាច្រើននៃទ្វីបអាហ្វ្រិកយ៉ាងជ្រាលជ្រៅ ។
បច្ចុប្បន្ននេះ ឧត្តមភាពខាងសមត្ថភាពផលិតកម្មរបស់ប្រទេសចិនក្នុងគ្រប់វិស័យមានដូចជារថយន្តអគ្គិសនីនិងផលិតផល PV ជាដើមកំពុងពន្លឿនការធ្វើបរិវត្តកម្មបៃតងសកលក្នុងតម្លៃដែលអាចទទួលយកបាន ហើយ”ឥទ្ធិពលវិជ្ជមាន”បែបនេះបានធ្វើឱ្យទីផ្សារដ៏ធំធេងរបស់ប្រទេសចិនក្លាយជាអ្នកផ្តល់ផលិតផលសាធារណៈជាសកលដ៏សំខាន់ ។
ទីបី ការបំផុសគំនិតសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានបង្ហាញឱ្យឃើញនូវ តម្លៃសកលនៃគំរូអភិវឌ្ឍន៍និងតម្រិះប្រាជ្ញាខាងអភិបាលកិច្ច
អ្វីដែលសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ បង្ហាញឱ្យឃើញនោះគឺ វាមិនត្រឹមតែជាផែនការគោលសម្រាប់អភិវឌ្ឍន៍របស់ប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវតម្រិះប្រាជ្ញាខាងអភិបាលកិច្ចដែលអាចរៀនសូត្របានផងដែរ ។ ការតាក់តែងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់គឺជាមធ្យោបាយដ៏សំខាន់មួយនៃអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិន ហើយក៏ជាឧត្តមភាពដ៏សំខាន់ខាងនយោបាយរបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនផងដែរ ។
សារសំខាន់ជាសកលនៃមាគ៌ាអភិវឌ្ឍន៍របស់ចិនបានផ្តល់មាគ៌ាអភិវឌ្ឍទំនើបភាវូបនីយកម្មដ៏ថ្មីទាំងស្រុងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែលោកខាងលិចដោយបញ្ជាក់ថា បណ្តាប្រទេសនានាអាចស្វែងរកមាគ៌ាអភិវឌ្ឍន៍ប្រកបដោយឯករាជ្យម្ចាស់ការដែលផ្អែកលើសភាពការណ៍ប្រទេសរៀងៗខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានលើកឡើងថា សំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”មិនមែនតែជាផែនទីបង្ហាញផ្លូវខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏នឹងគ្រោងអនាគតមួយដែលថា ប្រទេសចិនមិនត្រឹមតែជាអ្នកចូលរួមដ៏សំខាន់នៃការគាំពារសណ្តាប់ធ្នាប់សកលប៉ុណ្ណោះទេ ថែមទាំងជាអ្នកកំណត់ស្តង់ដារបច្ចេកទេសនិងបរិស្ថានសកលដ៏សំខាន់មួយផងដែរ” ។
សូមបញ្ជាក់ថា អ្វីដែលប្រទេសចិនស្វែងរកនោះគឺ មិនមែនជាការធ្វើទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ពោលគឺ រំពឹងទុករួមសហការជាមួយបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយផងដែរដើម្បីសម្រេចការធ្វើទំនើបកម្មជាមួយគ្នា ។ មាគ៌ាអភិវឌ្ឍន៍របស់ចិនដែលបានបង្ហាញក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ កំពុងបំពេញបន្ថែមនូវភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងនិងផ្តល់ជម្រើសថ្មីសម្រាប់ជំរុញអរិយធម៌និងវឌ្ឍនភាពរបស់មនុស្សជាតិតាមរយៈឧត្តមភាពខាងប្រព័ន្ធរបបដ៏ពិសេស ទស្សនៈអភិវឌ្ឍន៍ដែលប្រកបដោយភាពជាក់ស្តែងនិងចក្ខុវិស័យសកលដែលប្រកបដោយបរិយាបន្នរបស់ខ្លួន ។ នេះប្រហែលជាការបំផុសគំនិតដ៏ជ្រាលជ្រៅបំផុតដែលមាគ៌ាអភិវឌ្ឍន៍របស់ចិនបានផ្តល់ជូនពិភពលោកដែលថា ការអភិវឌ្ឍរបស់ប្រទេសមួយ មានតែបានចាក់ឫសក្នុងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ផ្តោតលើផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជននិងរួមចំណែកដល់វឌ្ឍនភាពរបស់មនុស្សជាតិ ទើបអាចទទួលបានជ័យជម្នះនៅពេលអនាគតយ៉ាងពិតប្រាកដ ៕

