កម្មការិនីរោងចក្រយីហោវីតិចម្នាក់ដួលសន្លប់ដាច់សរសៃឈាមខួរក្បាលស្លាប់
Cambodia News
ដោយ៖ ហេង នាង
ភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរយីហោវីតិច មានទីតាំងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្នាក់បានដួលសន្លប់ នៅក្នុងរោងចក្រ ខណៈពេលកំពុងឈរធ្វើការ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៦ កញ្ញា ២០១២ វេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ។
តាមការឲ្យដឹងពីមិត្តភក្តិ និងជាសាច់ញាតិ ដែលធ្វើការនោះជាមួយគ្នា ស្រ្តីដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ គង់ បុប្ជា អាយុ៣០ ឆ្នាំ ជាកម្មការិនីរោងចក្រវីតិច ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងឌីល័រ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ប្រភពដែលបន្តទៀតថា បន្ទាប់ពីស្ត្រីរងគ្រោះហូបបាយថ្ងៃត្រង់រួចហើយ បានចូលទៅធ្វើការធម្មតាវិញបានបន្តិចស្រាប់តែទន់ជើងដួល ដោយមិនដឹងមូលហេតុ ចាប់ពីពេលដួលរួចមក សន្លប់បាត់ស្មារតីរហូត ហើយបញ្ចូលអុកស៊ីសែនជាប់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ កញ្ញា បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្តង ។
បើតាមការឲ្យដឹងរបស់លោកគ្រួពេទ្យ ពេលស្ត្រីរងគ្រោះដួល បានធ្វើឲ្យដាច់សរសៃឈាម ខួរក្បាល ទើបបណ្តាលឲ្យស្លាប់បាត់បង់ជីវិត៕