លោកអូបាម៉ាទទួលជួបលោកស្រីអ៊ុង សានស៊ូជី និងដកទណ្ឌកម្មពីមេដឹកនាំភូមា
លោកស្រីអ៊ុង សានស៊ូជី ដែលកំពុងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ត្រូវ បានលោកប្រធានាធិបតីអូបាម៉ា ទទួលជួបស្វាគមន៍នៅសេតវិមាន កាលពីថ្ងៃ ពុធ ម្សិលមិញ ក្រោយពីលោកស្រីបានទទួលមេដាយមាសពីសភាអាមេរិក។ រដ្ឋា ភិបាលរបស់លោកអូបាម៉ាក៏បានប្រកាសផងដែរ អំពីការដកទណ្ឌកម្មចេញពីប្រ មុខដឹកនាំភូមា។
កាលពីម្សិលមិញនេះ សហរដ្ឋអាមេរិក ទាំងសភា និងទាំងរដ្ឋាភិបាល បានរៀប ចំទទួលស្វាគមន៍ លោកស្រីអ៊ុង សានស៊ូជី ដោយផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ បំផុត។ បន្ទាប់ពីបានទទួលមេដាយមាសពីសភាអាមេរិក នៅវិមានកាពីតូល លោក ស្រីប្រមុខដឹកនាំបក្សប្រឆាំងភូមា និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព ត្រូវបាន លោកប្រធានាធិបតីអូបាម៉ាទទួលជួបនៅក្នុងសេតវិមាន។
យោងតាមមន្រ្តីសេតវិមាន នៅក្នុងជំនួបជាមួយលោកស្រីអ៊ុង សានស៊ូជី កាលពី ម្សិលមិញនេះ លោកអូបាម៉ាបានបញ្ជាក់ពីជំហររបស់អាមេរិក ដែលគាំទ្រការធ្វើ កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងជំរុញឲ្យមានការគោរពសិទ្ធិ មនុស្ស ឲ្យបានពេញលេញនៅភូមា។
ស្របពេលនឹងការទទួលស្វាគមន៍ប្រមុខបក្សប្រឆាំងភូមាយ៉ាងអឹកអធិក នេះ រដ្ឋា ភិបាលរបស់លោកអូបាម៉ាក៏មិនភ្លេចលើកសរសើរផងដែរ ដល់ប្រមុខដឹកនាំ រដ្ឋាភិបាលភូមា ដែលបានធ្វើកំណែទម្រង់នយោបាយជាច្រើននាពេលកន្លងមក។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសឲ្យដឹងថា អាមេរិកបានសម្រេចដកទណ្ឌ កម្មចេញពីប្រមុខដឹកនាំភូមាចំនួន ២រូប គឺរួមមាន លោកប្រធានាធិបតី ថេន សេន (Thein Sein) និងប្រធានរដ្ឋសភា លោក ធូរ៉ា ស្វេម៉ាន់ (Thura Shwe Mann)។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ ខ្លួនថា ប្រមុខដឹកនាំភូមាទាំងពីររូបបានចាត់វិធានការសំខាន់ៗជាច្រើន ក្នុងការ ធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសិទ្ធិមនុស្ស ហើយបង្វែរទិសរបបដឹកនាំភូមា ពីការកាន់អំណាចផ្តាច់ការ ឆ្ពោះទៅរកប្រជាធិបតេយ្យ និងសេរីភាព។
គួរបញ្ជាក់ថា នៅចុងខែនេះ លោកប្រធានាធិបតី ថេន សេន ក៏នឹងត្រូវធ្វើដំណើរទៅ កាន់សហរដ្ឋអាមេរិកដែរ ដើម្បីទៅចូលរួមមហាសន្និបាតអ.ស.ប. នៅទីក្រុងញូវ យ៉ក៕ ដោយ សេង ឌីណា (RFI)