លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០
Cambodia News
កាលពីថ្ងៃទី២៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។
លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ ចិនបានចូលរួមយ៉ាងសកម្មនូវកិច្ចការសកលជាប់រហូតមក ហើយខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់សុភមង្គលរបស់មនុស្សជាតិផងដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាបន្តបន្ទាប់នូវទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បានរួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនដើម្បីឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មនៃពិភពលោកនិងដោះស្រាយបញ្ហាពិបាកជាបន្ទាន់ ។ ជាពិសេស ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin នៅដើមខែកញ្ញានេះ បានតម្រង់ទិសដៅត្រឹមត្រូវនិងផ្តល់មាគ៌ាដ៏សំខាន់សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលមានភាពកាន់តែយុត្តិធម៌និងសមហេតុផល ។ ភាគីចិនរីករាយរួមជាមួយភាគីនានាចាត់ប្រតិបត្តិការដ៏ខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងកាន់តែច្រើននិងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។
លោក Li Qiang បានថ្លែងថា សម្លឹងមើលទៅកាន់អនាគត ចិនរីករាយរួមជាមួយភាគីនានាគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្សព្វផ្សាយស្មារតីពហុភាគីនិយម អនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសកលចំនួន៤ ដើម្បីបោះជំហានទៅកាន់គោលដៅខ្ពង់ខ្ពស់នៃការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិឥតឈប់ឈរ ៕


