ជាមួយនឹងទំនើបកម្មនេះ បក្សកុម្មុយនីស្តបានដាក់ចេញនូវចរឹតលក្ខណៈ ៥យ៉ាង
Cambodia News/
ជាមួយនឹងទំនើបកម្មនេះ បក្សកុម្មុយនីស្តបានដាក់ចេញនូវចរឹតលក្ខណៈ ៥យ៉ាង គឺ ១)ប្រជាជនច្រើន ២)វិបុលភាពរួមសម្រាប់ទាំងអស់គ្នា ៣)ការរីកចម្រើននៃសម្ភារៈ វប្បធម៌ និង ក្រមសីលធម៌ ៤)សុខុដុមរម្យនារវាងមនុស្សជាតិនិងធម្មជាតិ និង ៥)ការអភិវឌ្ឍប្រកបដោយសន្តិភាព។ ប្រជាជនច្រើន ជាវិបាករបស់សង្គមនានាកន្លងមក ដែលប្រទេសចិនអាចធ្វើការគ្រប់គ្រងបានល្អប្រសើរ និង អភិវឌ្ឍយ៉ាងលឿននៃមូលធនមនុស្សទាំងការសិក្សាអប់រំ និង សុខមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
ការបង្កើតឱ្យមានវិបុលភាពនៃប្រជាជនដ៏ច្រើន ដែលមានជីវភាពផ្សេងគ្នា វប្បធម៌បុរាណផ្សេងគ្នា របៀបរបបរស់នៅផ្សេងគ្នា ការសិក្សានិងការវិវត្តផ្សេងគ្នា ឱ្យរួបរួមគ្នាជាកម្លាំងចលករនៃសេដកិច្ចដ៏រឹងមាំមួយ ដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្មផង សង្គមនិងវប្បធម៌ផង និង ឈានដល់ការទ្រទ្រង់ដល់វិស័យយោធា និង សន្តិសុខទៀតផង។
ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាលចិន អភិបាលកិច្ចល្អនិងលុបបំបាត់អំពើពុករលួយ បានធ្វើឱ្យមានការរីកចម្រើននូវមូលធនជាតិ មូលធនសម្ភារៈ ដែលជាកត្តាផលិតកម្មមួយបន្ថែមលើមូលធនមនុស្ស និង កម្លាំងពលកម្ម និង ប្រែក្លាយធនធានទាំងនេះឱ្យមានការរីកចម្រើនផ្នែកវប្បធម៌ និង ក្រមសីលធម៌ ដែលត្រូវបានគេចាត់ទុកថា ជាការអភិវឌ្ឍផ្នែកទន់ដល់ចលករសេដ្ឋកិច្ចនិងសង្គម។
លើសពីនេះទៀត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យបរិស្ថាន និង និរន្តរភាពក្នុងការរស់នៅរបស់មនុស្សជាតិ ជាសកម្មភាពទី៤ ដែលនេះជាគំរូមួយមិនត្រឹមតែសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិននោះទេ ការយកចិត្តទុកដាក់លើបរិស្ថានរស់នៅ ពិតជាបានផ្តល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានដល់ពិភពលោកទាំងមូល។ ជាចុងក្រោយការរស់នៅប្រកបដោយសន្តិភាព ជាយន្តការគន្លឹះមួយរបស់ចិន ដែលបានអនុវត្តកន្លងមក និង ក្លាយជាគន្លឹះមួយនៃទំនើបកម្មថ្មីតាមបែបចិន ដែលផ្តល់ឱកាសដល់ប្រជាជាតិទាំងមូលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជកម្ម វិនិយោគរបស់ខ្លួន ដោយគ្មានជម្លោះ និង ប្រកបដោយភាពសុខដុមរមនានៃប្រជាជាតិសាកល។
ជាមួយនឹងចរឹតលក្ខណៈនេះ ប្រទេសចិនបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីជំរុកការអភិវឌ្ឍប្រទេសចិនប្រកបដោយនិរន្តរភាព និង អភិវឌ្ឍដំណើរការប្រជាមានិតប្រជាធិបតេយ្យទាំងមូល ដែលជាទស្សនទាននយោបាយនៃការបង្កើតទំនាក់ទំនងរវាងប្រជាជននិងរដ្ឋាភិបាល ព្រមទាំងធ្វើឱ្យមានភាពសំបូរបែបនៃវប្បធម៌រស់នៅរបស់ប្រជាជន បន្តបើកចំហរសេដ្ឋកិច្ច និង ការកែទម្រង់ប្រទេស។ ក្រៅពីនេះ ប្រទេសចិន ក៏បានកសាងនូវសហគមន៍មនុស្សជាតិមួយដែលមានជោគវាសនារួម និង ការបង្កើតទម្រង់ថ្មីរបស់ សម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។
ទាំងនេះ ជាចលករសំខាន់មួយ សម្រាប់បរិបទពិភពលោកថ្មី ដែលមានភាពមិនប្រាកដច្បាស់ ទស្សនវិជ្ជារបស់ថ្នាក់ដឹកនាំចិនក្នុងការធ្វើទំនើបកម្មតាមបែបចិន អាចផ្តល់ជាមេរៀនក៏ដូចជាបទពិសោធន៍សម្រាប់ប្រទេសនានានៅលើសាកលោក ជាពិសេសប្រទេសអភិវឌ្ឍខាងត្បូង និង ប្រទេសកម្ពុជា ដែលអាចចាត់ទុកជាគំរូសាកលមួយ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនទៅតាមលក្ខខណ្ឌ និង ធនធានដែលខ្លួនមាន។
ជាលទ្ធផលក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ទស្សនទានទំនើបកម្មនេះ បានធ្វើឱ្យប្រទេសចិនមានការលូតលាស់សេដ្ឋកិច្ចឥតថមថយ ដើរទន្ទឹមគ្នានឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាដៃគូផងដែរ ជាពិសេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បើទោះជាសិ្ថតក្នុងបរិបទសេដ្ឋកិច្ចសាកលលោកមិនមានភាពប្រាកដច្បាស់ និង ភាពតានតឹងនៃប្រព័ន្ធគាំពារនិយមនិងប្រពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

