កម្ពុជាកំពុងគិតគូរផ្ដល់ប្រាក់រង្វាន់បើទាហានខ្មែរណាម្នាក់បានបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់សត្រូវឱ្យខ្ទេច
Cambodia News/
ខេត្តសៀមរាប ៖ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហើបថា កម្ពុជាកំពុងគិតគូរ ផ្ដល់ប្រាក់រង្វាន់ ក្នុងតម្លៃណាមួយ ឱ្យសមនឹងសមត្ថភាព បើទាហានខ្មែរណាម្នាក់ បានបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំង របស់សត្រូវឱ្យខ្ទេច បើសត្រូវហ៊ានឈ្លានកម្ពុជាមុន។
ការបញ្ជាក់បែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «រថក្រោះ និងយន្តហោះដែលគេដាក់មក បើបងប្អូនយើងបាញ់ឆេះ តើគួរឲ្យគាត់ប៉ុន្មានដើម្បីជាការលើកទឹកចិត្ត។ យើងកំពុងតែពិចារណា។ បើសិនជាមានការបំពាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដី។ ទោះបីឧបករណ៍របស់កម្ពុជាមិនទំនើបខ្លាំង ប៉ុន្តែ ទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលបំពានទឹកដីរបស់យើង»។
សម្ដេចធិបតី បញ្ឈឺថៃថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងកាំជ្រួចសំណាញ់មេឃ តម្លៃទាប ប៉ុន្តែអាចបាញ់យន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ដែលរបៀបកម្ពុជាធ្វើ ដូចនឹងអ្នកជំនួញដាក់ទុនតិច តែចំណេញច្រើន៕


