បទវិភាគ៖ឆ្នាំទេសចរណ៍កម្ពុជា-ចិនមកដល់ហើយ! កម្ពុជាចាប់ដំណើរការនូវរូបមន្ត”ទទួលភ្ញៀវ”

Cambodia News/

        នាពេលថ្មីៗកន្លងទៅនេះ ក្រុមទេសចរចិនមួយពាន់នាក់នៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលជាបេសកជនផ្នែកសង្គមស៊ីវិលបានចេញដំណើរទៅកាន់កម្ពុជាក្នុងពេលដំណាលគ្នាពីតំបន់ទាំងបួន គឺក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្តជាំងស៊ូ និងខេត្តយូនណាន ដើម្បីឈ្វេងយល់ពីសម្បតិ្តបេតិកភ័ណ្ឌវប្បធម៌ ទំនៀមទម្លាប់និងទេសភាពធម្មជាតិរបស់កម្ពុជា ។ ទាក់ទិននឹងករណីនេះ លោកវង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាដ៏អច្ឆរិយបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅភ្ញៀវទេសចរនិងអ្នកវិនិយោគចិនមកកាន់កម្ពុជា ។

        នៅពាក់កណ្តាលខែមេសាឆ្នាំនេះ ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោកXi Jinping ប្រធានរដ្ឋចិន និងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពគ្នាថា នឹងពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាល ព្រមទាំងបានប្រកាសថា ឆ្នាំ២០២៥ជា“ឆ្នាំទេសចរណ៍កម្ពុជា-ចិន” នេះជាសកម្មភាពថ្នាក់ជាតិដែលរៀបចំដោយប្រទេសទាំងពីរក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា បន្ទាប់ពី“ឆ្នាំមិត្តភាពចិន-កម្ពុជា”នាឆ្នាំ២០២៣និង“ឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន”នាឆ្នាំ២០២៤ ។

        ប្រទេសចិនជាប្រភពភ្ញៀវទេសចរអន្តរជាតិដ៏សំខាន់របស់កម្ពុជា ។ រាជធានីភ្នំពេញដែលមានភាពអ៊ូអរ អង្គរវត្តដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងក្រុងព្រះសីហនុ ដែលជាទីក្រុងតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាដើម សុទ្ធតែជាតំបន់ដែលទទួលការពេញនិយមយ៉ាងខ្លាំងពីអ្នកទេសចរចិន ។ តាមទិន្នន័យដែលក្រសួងទេសចរណ៍កម្ពុជាប្រកាសបានឱ្យដឹងថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរចិនចំនួនលើសពី៨៤ម៉ឺននាក់បានធ្វើទេសចរណ៍នៅកម្ពុជា បានកើនឡើង៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ កម្ពុជាប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ នឹងទាក់ទាញអ្នកទេសចរចិនលើសពី១លាននាក់ ។

      ដើម្បីអបអរទទួលអ្នកទេសចរចិន កម្ពុជាបានដាក់ចេញវិធានការអនុគ្រោះអំពីការផ្តល់សេវាកម្មជាច្រើន ដូចជាដាក់សញ្ញាសម្គាល់ជាភាសាចិននៅតំបន់ទេសចរណ៍ បណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននិងប្រើប្រាស់វិធីទូទាត់អេឡិចត្រូនិកឱ្យបានកាន់តែទូលំទូលាយជាដើម ក្រៅពីនេះក៏បានផ្តល់សេវាកម្មដែលស្របតាមទំលាប់របស់ភ្ញៀវទេសចរចិនកាន់តែច្រើនលើផ្នែកស្នាក់នៅ ការហូបចុកនិងទិញទំនិញជាដើម ។ 

      ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា កំណើននៃភ្ញៀវទេសចរចិនបានផ្តល់កាលានុវត្តភាពដ៏សំខាន់ដល់កម្ពុជា វាមិនត្រឹមតែអាចជំរុញការអភិវឌ្ឍខាងវិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏អាចផ្តល់ឱកាសវិនិយោគថ្មីលើវិស័យផ្សេងៗក្នុងតំបន់ទៀតផង ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏ជាអ្នកជំរុញដ៏សំខាន់នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាផងដែរ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលវិនិយោគដោយប្រទេសចិន ដូចជាផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលជិតនឹងដាក់ឱ្យប្រើប្រាស់ បានចាក់គ្រឹះយ៉ាងរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍របស់កម្ពុជា ។

      ខណៈពេលភ្ញៀវទេសចរចិនកាន់តែច្រើនឡើងៗទៅដើរលេងនៅកម្ពុជា ការទៅធ្វើទេសចរណ៍នៅប្រទេសចិនរបស់ភ្ញៀវទេសចរនៃប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសកម្ពុជាជាដើមក៏មានសក្តានុពលយ៉ាងខ្លាំងដែលគួរឱ្យត្រួសត្រាយថែមមួយកម្រិតទៀតផងដែរ ។ នៅត្រីមាសទីមួយឆ្នាំ២០២៥ ប្រទេសចិនបានដាក់ចេញគោលនយោបាយស្តីពី “ការលើកលែងទិដ្ឋាការសម្រាប់ក្រុមទេសចរណ៍នៃប្រទេសអាស៊ានដែលចូលដែនចិននៅច្រកXishuangbanna ខេត្តយូណាន” ដែលធ្វើឱ្យតំបន់Xishuangbannaជាដើមក្លាយជាកន្លែងជម្រើសចម្បងដ៏ពេញនិយមនៃការធ្វើទេសចរណ៍នៅចិនរបស់ភ្ញៀវទសចរអាស៊ាន ក្នុងនោះក៏បូករួមទាំងប្រទេសកម្ពុជាផងដែរ ។

       “សន្ទុះទេសចរណ៍” ដែលកាន់តែខ្លាំងឡើងៗរវាងចិននិងកម្ពុជា ជាការឆ្លុះបញ្ចាំងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌រវាងប្រទេសទាំងពីរដែលមានភាពកាន់តែជិតស្និទ្ធ ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ វិស័យទេសចរណ៍បានក្លាយជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ។ កំណើនយ៉ាងឆាប់រហ័សរបស់ភ្ញៀវទេសចរចិន បានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែល្អប្រសើរ ហើយក៏បានជំរុញដល់ការផ្លាស់ប្តូរផ្នែកប្បធម៌និងការតភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសចិននិងកម្ពុជាផងដែរ ។ ដូចប្រសាសន៍របស់លោក  វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដែលបានលើកឡើងថា  ពេលនេះគឺជាពេលវេលាល្អសម្រាប់ធ្វើទេសចរណ៍នៅកម្ពុជា!

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close