បណ្ឌិត ជា មុនីឫទ្ធិ ៖ ការផ្សព្វផ្សាយស្មារតីផ្លូវសូត្រជាការរួមចំណែកបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន
Cambodia News/
ស៊ីនជាំង៖ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់Kuche ក្រុងAksu តំបន់ស្វយ័តXinjiang មានរៀបចំពិធីលើកទី៤ប្រគល់ពាន«បេសកជនមិត្តភាពផ្លូវសូត្រ»ដល់ជនបរទេសចំនួន១១រូបមកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន។
ក្នុងនាមអង្គភាពរៀបចំកម្មវិធី លោក Cui Shixin និពន្ធនាយករងនៃសារព័ត៌មានប្រជាជនចិន បានគូសបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់ងារ«បេសកជនមិត្តភាពផ្លូវសូត្រ»ជូនលោកបណ្ឌិត ជា មុនីឫទ្ធិ រួមជាមួយបេសកកជន១០រូបមកពី១០ប្រទេសផ្សេងទៀតថា ក្នុងរយៈពេល១២ឆ្នាំមកនេះ តាមរយៈតំណភ្ជាប់រវាងប្រជាជននិងប្រជាជនក្រោម«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ជាកាលានុវត្តភាពដែលលោកបណ្ឌិតបានក្តាប់យ៉ាងណែននៅក្នុងការរួមចំណែកចូលរួមជាមួយអង្គពាក់ព័ន្ធនានាដើម្បីអនុវត្តនូវគម្រោងនានាជាច្រើនវិស័យប្រយោជន៍បង្កើនភាពប្រសើរដល់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជានៅជនបទ។ ដោយឡែកក្នុងតួនាទីជាអ្នកស្រាវជ្រាវ លោកបណ្ឌិតបានដឹកនាំបកប្រែមកជាខេមរភាសាសៀវភៅ«អភិបាលកិច្ចប្រទេសចិន»ភាគ១ដល់ភាគ៤ និងបាននិពន្ធនិងបោះពុម្ពសៀវភៅជាច្រើនជាខេមរភាសាស្តីពី«វប្បធម៌ចិន» «ទំនាក់ទំនងរវាងកម្ពុជានិងចិន» និង «ទស្សនវិជ្ជាចិន»ដោយផ្តើមតាំងពីបុរាណកាលរៀងរហូតមក។ បន្ថែមពីលើនេះ លោកបណ្ឌិតក៏ជាអ្នកចែករំលែកផ្សព្វផ្សាយអត្ថបទទស្សនវិជ្ជាចិននៅតាមបណ្តាសារព័ត៌មាននានាទាំងក្នុងប្រទេសកម្ពុជានិងក្នុងប្រទេសចិន។
ក្នុងនាមជាបេសកជនមិត្តភាពផ្លូវសូត្រ លោកបណ្ឌិតបានថ្លែងថា ការផ្សព្វផ្សាយស្មារតីផ្លូវសូត្រជាការរួមចំណែកបង្កើនទំនាក់ទំនងប្រជាជននិងប្រជាជន ស្របពេលដែលឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ជាពេលវេលាដ៏សមស្របសម្រាប់អញ្ជើញមិត្តចិន និងមិត្តភក្តិបរទេសនានាទស្សនាកម្ពុជា។ លោកបណ្ឌិតក៏បានរំលេចពីទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលត្រូវបានរួមគ្នាជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនឹងផ្តល់ពលំកាន់តែខ្លាំងដល់ការស្រូបទាញទេសចរណ៍និងវិនិយោគិនចិននិងបរទេសមកកម្ពុជា ស្របតាមខ្លឹមសារនិងគោលដៅរួមគឺ«សន្តិភាពនិងការអភិវឌ្ឍ»ដែលជាស្នូលសារវន្តនៃស្មារតីផ្លូវសូត្រ។
គួររំលេចផងដែរថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ បានរំលេចពីតំណភ្ជាប់ចំនួន៥គឺ១-គោលនយោបាយ ២-ពាណិជ្ជកម្ម ៣-ហេដ្ឋារចនាសម្ព័ន្ធ ៤-ហិរញ្ញវត្ថុ និង៥-ប្រជាជននិងប្រជាជន ហើយតាមរយៈសកម្មភាពផ្សព្វផ្សាយពីស្មារតីផ្លូវសូត្រនេះ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ តាមរយៈស្ថាប័នរៀបចំដាច់ដោយឡែកពីគ្នា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន អតីតសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទទួលបានមេដាយជាអ្នកដឹកនាំវ័យក្មេងចំនួន១លើក មេដាយជាអ្នកស្រាវជ្រាវវ័យក្មេងចំនួន១លើក មេដាយមិត្តភាពចំនួន១លើក និងលើកនេះពានជា«បេសកជនមិត្តភាពផ្លូវសូត្រ»៕