ឯកឧត្តម ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ
Cambodia News/
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនការងារសេនាធិការដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង អធិការខណ្ឌទាំង១៤ អធិការរងទទួលការងារប្រតិកម្មរហ័សនៃខណ្ឌទាំង១៤ រួមទាំងលោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីអធិការរង ទទួលការងារប្រតិកម្មរហ័ស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយទៀត សរុបចំនួន ១៥០ នាក់។



