សម្តេចបវរធិបតី ៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត»
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាព ជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។
សម្តេចមហាបវរធិបតី បានបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹម និងជឿជាក់ថា និស្សិត និងគរុនិស្សិតជ័យលាភីទាំងអស់ នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ បុគ្គលិកល្អ, ដោយប្រើនូវចំណេះ និង ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការ, វិជ្ជាជីវៈ, សីលធម៌ល្អ និង ការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចបវរធិបតី បន្ដថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។ ជាមួយគ្នានេះ, ការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន។ ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង «ជាទ្រព្យ សកម្ម, និង មិនមែនជាបន្ទុក របស់សង្គមជាតិ»៕