ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​​​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយប័រ​ប្រចាំ​ឆ្នាំ២០២៥ បាន​រក​ឃើញបេក្ខជនឆ្នើម​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ

Cambodia News/

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​ពេញ​មួយ​ថ្ងៃ កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយប័រ​ប្រចាំ​ឆ្នាំ ២០២៥ បាន​រក​ឃើញបេក្ខជនឆ្នើមដែល​​មានសមត្ថភាព​ និងដែល​អាច​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។

“កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយប័រ​ប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” បាន​ឆ្លងកាត់​វគ្គ​ជម្រុះជា​បន្តបន្ទាប់​ និង​ឈាន​ទៅ​ប្រកួត​វគ្កផ្តាច់ព្រ័ត្រ​ដែល​ប្រព្រឹត្តទៅកាលពី​ម្សិលមិញនេះ​​ នៅ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT)។

លទ្ធផលចុងក្រោយ បេក្ខជន​ចំនួន ៥ រូប​ត្រូវ​បាន​ប្រកាស​ជាប់ជា​ជយលាភី​ក្នុង​ចំណោម​បេក្ខជនបេក្ខនារី​ចំនួន ១០០ នាក់ដែលចូលរួមប្រកួតប្រជែង។ ក្រៅ​ពី​ជយលាភី​ទាំង ៥ រូប កម្មវិធី​ក៏​បាន​ជ្រើសរើស​បេក្ខជនបេក្ខនារី​ឆ្នើម​ចំនួន​ ១៥ រូប បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល និង​ពង្រឹង​ជំនាញ​បច្ចេកទេស​ផ្នែកសន្តិសុខ​សាយប័រ​ពី​គ្រូ​បង្គោល​រយៈពេល ៤ ខែ សម្រាប់​ត្រៀម​ប្រកួត​វគ្គ​បន្ទាប់​ទៀត ដែល​ក្នុង​ចំណោម​បេក្ខជន​ទាំង​​ ២០ រូប នឹង​ជម្រុះ​យក​តែ​ ៤ នាក់ ដើម្បី​តំណាង​ប្រទេស​កម្ពុជា​ចេញ​ទៅ​ចូលរួម​ប្រកួតប្រជែង​វគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប៊័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុង​ខែ​តុលា​ខាង​មុខ​នេះ។

“កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយប័រ​ប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” មានវិញ្ញាសា​ប្រកួត​ដែល​​តម្រូវ​ឱ្យអ្នកចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​សាយប៊័រ (Cybersecurity Challenges) ទៅ​លើ​ដែន​ដូចជា​វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៊ី (Cryptography) សន្តិសុខ​គេហទំព័រ (Web Security) កោសល្យ​វិច្ច័យ (Forensics) ឬការ​វាយ​ប្រហារ​លើ​កម្មវិធីប្រព័ន្ធ Binary (Binary Exploitation) ជាដើម ដោយ​ស្វែងរកបំណែក​ព័ត៌មាន​ហៅថា “Flag” ដែល​លាក់​នៅក្នុង​លំហាត់​នីមួយៗ​។

“កម្មវិធីប្រកួតប្រជែងថ្នាក់​ជាតិផ្នែក​សន្តិសុខ​សាយ​ប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025″ ​រៀបចំ​ឡើង​ដោយ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គោលដៅ​ដើម្បី​ជំរុញ​ការ​យល់ដឹង និង​ពង្រឹងសមត្ថភាព ចំណេះដឹង និង​ការលើកកម្ពស់មូលធន ឌីជីថល​នៅក្នុងវិស័យសន្តិសុខសាយប័រ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្នុង​តំបន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close