និយ័តករធានារ៉ាប់រងកម្ពុជា លើកទឹកចិត្តឲ្យអតិថិជនដាក់ពាក្យប្តឹងក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញកាតព្វកិច្ច​តាមវិជ្ជាជីវៈ

Cambodia News/

បាត់ដំបង ៖ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានថ្លែងនូវការលើកទឹកចិត្តដល់អតិថិជនដាក់ពាក្យប្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជាក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងណាមួយដែលខ្លួនបានទិញសេវាកម្មធានារ៉ាប់រង ហើយក្រុមហ៊ុននោះមិនបានបំពេញការតព្វកិច្ចតាមវិជ្ជាជីវៈ និយាយឲ្យចំគេចវេសពីការទទួលខុសត្រូវ ឬក៏មានលេសនេះ លេសនោះបង្កការលំបាកដល់អតិថិជន ក្នុងពេលដែលអតិថិជនត្រូវការប្រើប្រាស់សេវាធានារ៉ាប់រង។

ការថ្លែងលើកទឹកចិត្តបែបនោះ ធ្វើទ្បើងនៅក្នុងសន្និសីទសារព័តមានមួយនាទិវាធានារ៉ាប់រងកម្ពុជាដែលបានរៀបចំធ្វើនៅទីរួមខេត្តបាត់ដំបងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។
លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា នៅពេលដែលប្រជាពលរដ្ឋទិញធានារ៉ាប់រងគឺគាត់រំពឹងថា ពេលមានគ្រោះថ្នាក់ណាមួយកើតទ្បើង នឹងមានក្រុមហ៊ុនធានារ៉ាប់រងទៅដោះស្រាយជូនពួកគាត់ ដូច្នេះក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចដោះស្រាយជូនពួកគាត់ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ហើយមិនត្រូវមានលេសនេះលេសនោះ ឬគេចវេសពីការទទួលខុសត្រូវនោះទេ។

លោកក៏ទទួលស្គាល់ដែរថា ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង ៤០ ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជានោះ គឺមិនមែនល្អទាំងអស់នោះទេ ប្រាកដណាស់នឹងមានក្រុមហ៊ុនមិនល្អមួយចំនួន ដែលបង្កការថ្នាំងថ្នាក់ដល់អតិថិជន។ ផ្តើមពីនោះលោកក៏សូមលើកទឹកចិត្តក៏ដូចជាជំរុញឲ្យអតិថិជនប្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីកោះហៅក្រុមហ៊ុននោះមកសួរនាំ និងចាត់វិធានការចំពោះក្រុមហ៊ុននោះ ព្រោះយើងមិនគាំទ្រក្រុមហ៊ុនដែលធ្វើទង្វើមិនប្រក្រតីនាំឲ្យអតិថិជនថ្នាំងថ្នាក់ និងអស់ជំនឿលើវិស័យធានារ៉ាប់រងនៅកម្ពុជានោះទ្បើយ។ លោកបញ្ជាក់ថា ពាក្យថាចាត់វិធានការនោះអាចមានពីកំរិតតូចតាចរហូតដកអាជ្ញាបណ្ណតែម្តង។

លោកអគ្គនាយកបានបន្តថា កន្លងមកគឺមានការរិះគន់ក្រុមហ៊ុនខ្លះដូចជា គេថា ពេលទិញស្រួល តែពេលសងគឺលំបាក។ ខ្លះទៀតរកលេសនេះលេសនោះដូចជាខ្វះឯកសារជាដើមនៅពេលអតិថិជនត្រូវការសំណង។ បញ្ហារកលេសនេះលេសនោះបែបនេះគឺវាខុសពីវិជ្ជាជីវៈហើយ ហើយក្រុមហ៊នត្រូវដឹងថាយើងមានកាតព្វកិច្ចសងទៅអតិថិជន គឺសងដោយវិជ្ជាជីវៈនិងយុត្តិធម៌។ ប៉ុន្តែត្រូវចងចាំថា យើងត្រូវរកលេសដើម្បីសង ហើយមិនត្រូវរកលេសដើម្បីគេចមិនសងនោះទេ។

លោកបន្ថែមថា នៅមានក្រុមហ៊ុនខ្លះទៀតបង្កការលំបាកច្រើនណាស់ដល់អតិថិន ដូចជាអតិថិជនទាក់ទងឲ្យទៅដោះស្រាយគ្រោះថ្នាក់អ្វីមួយ តែបុគ្គលិកក្រុមហ៊ុនតែងយកលេសថា ហួសម៉ោងការងារហើយ ឬថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យឈប់សម្រាកជាដើម។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ការតព្វកិច្ចក្រុមហ៊ុនគឺបម្រើអតិថិជនគ្រប់ពេលវេលា ឬអាចនិយាយថា ២៤ ម៉ោងលើ ២៤ ម៉ោង ឬក៏មួយអាទិត្យ ៧ ថ្ងៃពេញតែម្តង។ មួយទៀតក្រុមហ៊ុនខ្លះ ឧទាហរណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខូចរថយន្តនៅសៀមរាប តែឲ្យអតិជនទៅធ្វើនៅភ្នំពេញជាដើម ទាំងនេះសុទ្ធតែប្រព្រឹត្តខុសពីវិជ្ជាជីវៈហើយ។

លោក ប៊ូ ច័ន្ទភីរូ ក៏បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ត្រូវពិនិត្យនិងកែតម្រូវករណីខុសឆ្គងទាំងនោះទ្បើងវិញ បើចង់ឲ្យមានការគាំទ្រពីអតិថិជន បន្តទៀត ក៏ដូចជាគេចផុតពីវិធានការនានារបស់និយ័តករធានារ៉ាប់រងកម្ពុជា។ លោកក៏ថ្លែងបញ្ជាក់ផងដែរថា ដោយសារតែភាពមិនប្រក្រតីរបស់ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន និងបានធ្វើឲ្យអតិថិជនមិនសប្បាយចិត្តនោះហើយ ទើបធ្វើឲ្យវិស័យធានារ៉ាប់រងនៅកម្ពុជាមានកំណើនយឺតនៅទ្បើយបើប្រៀបធៀបបណ្តាប្រទេសជិតខាងមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close