វិស័យធានារ៉ាប់រងនៅកម្ពុជាបានផ្តល់សំណងជូនអតិថិជន $៩១ លាន នៅឆ្នាំ២០២៤

​Cambodia News/ 

បាត់ដំបង ៖ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាបានផ្តល់សំណងជូនអតិថិជនរបស់ខ្លួនដែលជួបនូវហានិភ័យ មានទឹកប្រាក់សរុបចំនួន ៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។ នេះបើយោងតាម​មន្រ្តីជាន់ខ្ពស់​នៃសមាគមធនារ៉ាប់រងកម្ពុជា (IAC)។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងនៅក្នុង ទិវាធានារ៉ាប់រង ២០២៥” នៅខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ថា នៅក្នុងឆ្នាំ ២០២៤ សំណង​ធានារ៉ាប់រងសរុបចំនួន ៩១ លានដុល្លារអាមេរិក ត្រូវបានទីផ្សារធានារ៉ាប់រង​ទូទាត់ជូនទៅបុគ្គល និងធុរកិច្ច ដែលជួបប្រទះ និងហានិភ័យ ក្នុងនោះទឹកប្រាក់សំណងប្រមាណ ៥៣ លានដុល្លារ ត្រូវ​បានទូទាត់ក្រោមបណ្ណសន្យារ៉ាប់រងយានយន្ត, ទ្រព្យសម្បត្តិ ឬអគ្គិភ័យ, ធានារ៉ាប់រងសុខភាព, គ្រោះថ្នាក់បុគ្គល នាវា ការដឹកជញ្ជូន វិស្វកម្ម និងហានិភ័យផ្សេងៗ។

លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា ទឹកប្រាក់សំណង ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុន​ធានារ៉ាប់រងខ្នាតតូច បានទូទាត់ជូនអតិថិជនរបស់ខ្លួន ក្រោមបណ្ណសន្យាធា​នារ៉ាប់រង​អាយុជីវិត មាន​រហូតដល់ទៅ ៣៥ លានដុល្លារអាមេរិក ភាគច្រើននៃសំណងទាំងនោះ ត្រូវបានទូទាត់​សម្រាប់​​​អត្ថប្រយោជន៍ដល់កាលកំណត់ នៃបណ្ណសន្យារ៉ាប់រង និងករណី​មរណភាព និងពិរភាព។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា វិស័យធានារ៉ាប់រង កំពុងរីកចម្រើនក្នុងសន្ទុះមួយយ៉ាងខ្លាំងក្លា ដោយរក្សាបាននូវកំណើនវិជ្ជមានជា​មធ្យមប្រ​មាណ ២០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។

ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ ទីផ្សារធានារ៉ាប់​រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៥៧ លាន​ដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្ដល់ការធានាជូនប្រជាពលរដ្ឋប្រមាណ ១,៧ លាន បណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានា​ចំនួនជាង ៨៥ ពាន់លានដុល្លារ។

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានវិនិយោគទឹកប្រាក់ចំនួន ៨១៩ លានដុល្លារ ក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ៩០% ត្រូវបានវិនិយោគតាមរយៈ​ការដាក់ជាប្រាក់បញ្ញើ​ក្នុងប្រព័ន្ធធនាគារ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close