បទវិភាគ៖ធាតុពិតនៃគោលនយោបាយ “ពន្ធគយស្មើគ្នា”របស់អាមេរិក គឺអនុត្តរភាពលើពន្ធគយ
សារព័ត៌មាន Cambodia News/
បន្ទាប់ពីរដ្ឋាភិបាលអាមេរិកប្រកាសគោលនយោបាយពន្ធគយថ្មីនៅថ្ងៃទី ២ ខែមេសាមក បានរងការប្រឆាំងនិងរិះគន់ពីបណ្តាភាគីនានានៅទូទាំងពិភពលោក ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោក ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរកើតមានភាពរង្គោះរង្គើយ៉ាងខ្លាំង ។
គោលនយោបាយពន្ធគយថ្មីរបស់អាមេរិក មិនត្រឹមតែបានបំផ្លាញដល់ផលប្រយោជន៍របស់ប្រទេសផ្សេងទៀតប៉ុណ្ណោះ ថែមទាំងក៏បាននាំមកនូវឥទ្ធិពលអវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចជាតិនិងផលប្រយោជន៍របស់ប្រជាជនអាមេរិកផងដែរ ។
អាមេរិកបានប្រកាសថា ការអនុវត្ត “ពន្ធគយស្មើគ្នា” គឺដើម្បីកែតម្រូវសភាពការណ៍ដែលអាមេរិករងការខាតបង់ក្នុងពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពាក្យសំដីនេះគឺគ្មានទីសំអាងអ្វីទាល់តែសោះ ។
ពាក្យសំដីរបស់អាមេរិកដែលហៅថា “រងការខាតបង់” មិនអើពើនឹងលទ្ធផលតុល្យភាពផលប្រយោជន៍ដែលកិច្ចចរចាពាណិជ្ជកម្មពហុភាគីបានឈានដល់ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយក៏មិនអើពើនឹងការពិតជាក់ស្ដែង ពោលគឺអាមេរិកទទួលបានផលប្រយោជន៍យ៉ាងច្រើនពីពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំ ។
ដូច្នេះ តាមពិតទៅ តក្កវិទ្យារបស់ “ពន្ធគយស្មើគ្នា”របស់អាមេរិក គឺប្រើអំណាចអនុត្តរភាពជិះជាន់អ្នកទន់ខ្សោយ យកឯកតោភាគីជំនួសពហុភាគី ដែលជាអនុត្តរភាពលើពន្ធគយដ៏សុទ្ធសាធ ។ ដូចទស្សនាវដ្តី « The Economist » របស់អង់គ្លេសបានលើកឡើងថា គោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកកំពុងដើរត្រឡប់ថយក្រោយទៅរកសតវត្សរ៍ទី១៩វិញ គោលនយោបាយនេះបានមើលរំលងពីភាពរុងរឿងថ្កុំថ្កើងមិនធ្លាប់មានរបស់អាមេរិក ។
ទាក់ទិននឹងអ្វីដែលហៅថា គោលនយោបាយ “ពន្ធគយស្មើគ្នា”របស់អាមេរិក ប្រទេសចិនបានចាត់វិធានការតបតវិញដ៏ចាំបាច់ភ្លាមៗ ដើម្បីគាំពារយ៉ងមុតមាំនូវផលប្រយោជន៍ស្របច្បាប់និងសិទ្ធិអភិវឌ្ឍន៍របស់ខ្លួន ។ គោលជំហររបស់ចិនអំពីសង្គ្រាមពាណិជ្ជកម្មគឺជាប់លាប់និងជាក់លាក់ ពោលគឺចិនមិនចង់ប្រយុទ្ធ តែក៏មិនខ្លាចនឹងប្រយុទ្ធដែរ នៅពេលដ៏ចាំបាច់ ត្រូវចេញប្រយុទ្ធដោយខានពុំបាន ។ អាមេរិកដាក់ចេញអ្វីដែលហៅថា វិធានការ “ពន្ធគយស្មើគ្នា” ចិនច្បាស់ជាអនុវត្តវិធានការតបតវិញស្មើគ្នាជាមិនខាន ។
ប្រទេសចិនបានដាក់ពាក្យបណ្ដឹងទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ ទង្វើរបស់អាមេរិកបានល្មើសនឹងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក បានបង្ខូចដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកផ្សេងទៀត បានបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានច្បាប់កំណត់ជាមូលដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏បានបំផ្លាញដល់ស្ថិរភាពនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលទៀតផង ។
ក្នុងក្របខណ្ឌពិភពលោក គោលនយោបាយ “ពន្ធគយស្មើគ្នា”របស់អាមេរិករងការធ្វើពហិការការយ៉ាងទូលំទូលាយ ។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានព្រមានថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបនឹងគោលនយោបាយ “ពន្ធគយស្មើគ្នា”ថ្មីរបស់អាមេរិក ហើយដាស់តឿនអាមេរិកដោះស្រាយកង្វល់តាមរយៈកិច្ចសន្ទនា ។
លោកស្រី Karin Keller-Sutter ប្រធានសហព័ន្ធស្វ៊ីសបានលើកឡើងថា ផលប្រយោជន៍សេដ្ឋកិច្ចជាតិក្នុងរយៈពេលយូរសំខាន់បំផុត ការគោរពច្បាប់អន្តរជាតិនិងសេរីភាពពាណិជ្ជកម្មនៅតែជាតម្លៃស្នូល ។ រដ្ឋាភិបាលប្រេស៊ីលបានថ្លែងថា កំពុងវាយតម្លៃចំពោះសកម្មភាពដែលអាចធ្វើបានទាំងអស់ ដើម្បីធានាផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងពាណិជ្ជកម្មទ្វេភាគី ក្នុងនោះបូករួមទាំងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មសកលលោក ដើម្បីគាំពារផលប្រយោជ៍ស្របច្បាប់របស់ប្រទេសជាតិ ។
សូមបញ្ជាក់ថា ការអភិវឌ្ឍជាសិទ្ធិទូទៅរបស់បណ្តាប្រទេសនានាលើពិភពលោក មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសមួយចំនួនតូចឡើយ ។ កិច្ចការផ្ទៃអន្តរជាតិត្រូវពិគ្រោះពិភាក្សារួមដោយបណ្តាប្រទេសនានា ជោគវាសនារបស់សកលលោកត្រូវក្តាប់ជាប់ដោយបណ្តាប្រទេសនានាផងដែរ ។ ដាស់តឿនអាមេរិកប្រញាប់កែតម្រូវទង្វើខុសឆ្គង ធ្វើពិគ្រោះពិភាក្សាស្មើគ្នាជាមួយដៃគូពាណិជ្ជកម្ម ក្នុងន័យដោះស្រាយវិវាទដោយសមស្រប និងផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសនានា ៕