បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

Cambodia News/

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងបានឲ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភជាង ៣៧០ លានដុល្លារ និងទ្រព្យសកម្មសរុបជាង ១,២ ប៊ីលានដុល្លារ និងមានផលិតផលសម្បូរបែប។

លោកស្រីបន្ថែមថា ផលិតផលធានារ៉ាប់រងមានជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

លោកស្រីអគ្គនាយករងបានបន្ថែមថា ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះបានរួមចំណែកក្នុងសេដ្ឋកិច្ចបានតែប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២២ លានដុល្លារអាមេរិក ដែលការណ៍នេះបានបង្ហាញឲ្យឃើញថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានកម្រិតទាប បើធៀបនឹងទីផ្សារនានាក្នុងតំបន់។

លោកស្រីថា បញ្ហាខាងលើនេះគឺបណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់ស្ថាប័នមានសមត្ថកិច្ចអំពីការធានារ៉ាប់រងជាកាតព្វកិច្ចមិនទាន់សកម្ម និងមុតស្រួចដូចដែលបានកំណត់ដោយច្បាប់ជាធរមាន។

គួររំលឹកថា និយ័តករធានារ៉ាប់រងកម្ពុជានៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ” ការធានារ៉ាប់រងជាកាតព្វកិច្ច” ខណសិក្ខាសាលានោះរៀបចំទ្បើងនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ដោយមានការចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប រួមទាំងសិក្ខាកាមជាច្រើនទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close