ម្ចាស់អាជីវកម្មប្រឈមហានិភ័យ ត្រូវមានធានារ៉ាប់រងដើម្បីប្រាកដថា រាល់ករណីគ្រោះថ្នាក់ពិតជាស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់

Cambodia News/

កែប៖ ​ដើម្បីឲ្យប្រាកដថា រាល់ករណីគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់អាយុជីវិតពិតជាស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់ ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ព្រមទាំងម្ចាស់ការដ្ឋានសំណង់ចាំបាច់ត្រូវមានធានារ៉ាប់រងដែលបានចែងអំពីកាតព្វកិច្ចធានារ៉ាប់រងសម្រាប់ម្ចាស់អាជីវកម្ម។

នេះជាប្រសាសន៍របស់លោកស្រី ហោ សុវឌ្ឍនា ថ្លែងក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ជូនដល់សិក្ខាកាមមកពីខេត្តកែប និង ខេត្តកំពត ដែលកំពុងបំពេញការងារដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។

លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា វិស័យធានារ៉ាប់រងជាសមាសភាគដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមហានិភ័យដែលត្រូវបានធានាជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកស្រីបន្ថែមថា ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។

លោកស្រី ហោ សុវឌ្ឍនា បានបញ្ជាក់ថា ច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់ប្រកបអាជីវកកម្មទាំងនេះ ដូច្នេះ ម្ចាស់អាជីវកម្មត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវរាល់ការខូចខាតដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន។ ជាមួយនោះ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះផងដែរ។

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តកែបបានបង្ហាញពីសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រង។ ដូច្នេះ លោកស្រីសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឲ្យមានការវិនិយោគដោយបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តកែបសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ហើយនេះជាជ្រុងមួយទៀតក្នុងការរួមចំណែកសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋខេត្តកែប។

គួរបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបជាង១,២ប៊ីលានដុល្លារអាម៉េរិក យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២២ដុល្លារអាម៉េរិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close