ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំពេទ្យប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ
Cambodia News/
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំពេទ្យមួយចំនួនទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ថវិកានិងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានមកពីកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។
សូមបញ្ជាក់ជូនថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនសមាគមនេះដោយផ្ទាល់ ដើម្បីជាការរួមចំណែកជួយសម្រាលបន្ទុករបស់សមាគមផង ហើយក៏ក្នុងគោលបំណងដើម្បីធានាដល់ការទទួលបានសិទ្ធិសេរីភាពជាមូលដ្ឋាននានារបស់កុមារដែលកំពុងរស់នៅទីនោះផងដែរ។ ជាងនេះទៅទៀតនាពេលកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភអង្ករចំនួន១៥០គីឡូក្រាមក្នុងមួយខែជារៀងរាល់ខែដល់សមាគមនេះ ពោលគឺចាប់តាំងពីខែមីនាឆ្នាំ២០២៣ មកម៉្លេះ។ ទំនាក់ទំនងរវាង គ.ស.ម.ក. និងសមាគមនេះ ផ្ដើមចេញពីការងារការពារសិទ្ធិរបស់កុមារដែលប្រឈមនឹងបញ្ហាផ្សេងៗ ហើយពួកគេគ្មានសាច់ញាតិនិងគ្មានទីពឹង ទើប គ.ស.ម.ក. ខិតខំស្វែងរកទីកន្លែងស្នាក់នៅដែលពួកគេអាចរស់នៅបាន និងអាចមានអនាគតល្អទៅថ្ងៃខាងមុខ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរដល់សមាគម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេស សិទ្ធិសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធិទទួលបានការអប់រំ ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសាទរចំពោះការគ្រប់គ្រងប្រកបដោយភាពត្រឹមត្រូវ មិនមានការរំលោភបំពានដល់សិទ្ធិកុមារដែលរស់នៅទីនោះឡើយ។ លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីកុមាររស់នៅទីនេះមានបញ្ហាសុខភាពអាចទំនាក់ទំនងមកក្រុមការងារ គ.ស.ម.ក. ដើម្បីជួយអន្តរាគមន៍ក្នុងការនាំយកកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងនិងបុគ្គលិកសមាគមទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់មើលថែទាំកុមារ និងត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់សមាគមនេះ ក៏ដូចជាមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាកាយវិការមួយប្រកបដោយស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងជាការចូលរួមការលើកកម្ពស់សិទ្ធិកុមារ៕