រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាជំរុញឱ្យប្រព័ន្ធផ្សាយរដ្ឋចិនចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា
Cambodia News/
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាជំរុញឱ្យប្រព័ន្ធផ្សាយរដ្ឋចិនចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនវិបត្តិកូវីដ-១៩។
ក្នុងឱកាសអនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិនដឹកនាំដោយលោកFeng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរដ៏សំខាន់ក្នុងចំណោមទីផ្សារទេសចរអន្តរជាតិនានា។
ដូច្នេះឯកឧត្តមលោកទឹកចិត្តដល់ប្រព័ន្ធផ្សាយរដ្ឋចិនមានដូចជាវិទ្យុមិត្តភាពកម្ពុជាចិនបង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ កត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាទៅកាន់ប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀតព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរចិនហាក់មិនទាន់បានមកច្រើនដូចមុនពេលកូវីដ-១៩ថែមទៀតនៅឡើយទេ។
ឯកឧត្តមបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់ជាឆ្នាំផ្លាស់ប្ដូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរ។ ដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយពិតជាបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា និងចិន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យប្រព័ន្ធផ្សាយរបស់ចិនចូលរួមប្រយុទ្ធប្រឆាំងក្លែងក្លាយឱ្យកាន់តែសកម្មដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។
លោកFeng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញប្តេជ្ញាគោរពតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសន្យាបង្កើនការផ្សព្វផ្សាយឱ្យកាន់តែសកម្មថែមទៀតពីចំណុចល្អៗដែលកម្ពុជាមាន ទាំងវប្បធម៌ និងទេសចរណ៍។ បច្ចុប្បន្ននេះវិទ្យុមិត្តភាពកម្ពុជា-ចិនចូលរួមយ៉ាងសកម្មក្នុងការលើកម្ពស់ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែបដល់ប្រជាជនកម្ពុជា និងចិន។
ក្នុងឱកាសនោះលោកក៏បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា គោលបំណងនៃការសុំចូលជួបសម្ដែងការគួរសមនេះ គឺដើម្បីសុំអនុសាសន៍ណែនាំពីឯកឧត្តម ថ្មីៗបន្ថែមទៀតពីឯកឧត្តមរដ្ឋមន្ត្រី ។ មួយវិញទៀត ក៏ដើម្បីរិតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងក្រុមការងារវិទ្យុមិត្តភាពកម្ពុជាចិនឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។ ដោយសារតែឆ្នាំ២០២៥នេះ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញត្រូវដល់អាណត្តិត្រូវត្រឡប់ទៅប្រទេសចិន ហើយត្រូវជំនួសដោយរួបលោក វិញ។
វិទ្យុមិត្តភាពកម្ពុជាចិនចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។
វិទ្យុមិត្តភាពកម្ពុជាចិន ស្ថិតនៅក្រោមចំណុះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group(CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTNជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់៕