និយ័តករធានារ៉ាប់រងកម្ពុជា និងនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រង់ដោយរដ្ឋ និងធានារ៉ាប់រងប្រទេសឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា

Cambodia News/

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងលោក Phaitoun Thienglamay អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ (SOEI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

បើតាមនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និងស្ថិរភាពនៃទីផ្សារធានារ៉ាប់រងទាំងក្នុងប្រទេសឡាវ និងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរ នឹងគាំទ្រទៅវិញទៅមកតាមរយៈការផ្តល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់គ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ។

ជាមួយនេះ ភាគីទាំងពីរ នឹងសហការផ្លាស់ប្តូរព័ត៌មានសម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗក្រៅពីនេះ ភាគីទាំងពីរ ក៏នឹងសហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox), ចែករំលែកបទពិសោធន៍ក្នុងយន្តការនៃការប្រឆាំងការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និងសហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា “ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៃនិយតករធានារ៉ាប់រងពីរនៅក្នុងតំបន់។”

លោក ប៊ូ ច័ន្ទភីរូ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់និយតករទាំងពីរ ហើយលោកទន្ទឹងរង់ចាំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលអាចបម្រើសហគមន៍នៃប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close