លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីជួបសន្ទនាតាមប្រព័ន្ធវីដេអូ

Cambodia News/

រសៀលថ្ងៃទី ២១ ខែ មករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងឆ្នាំថ្មី ខ្ញុំរីករាយធ្វើការជាមួយលោកប្រធានាធិបតី ភូទីន ដើម្បីបន្តជំរុញឱ្យទំនាក់ទំនងរវាងចិននិងរុស្ស៊ីឡើងដល់កម្រិតកាន់តែខ្ពស់ រួមគ្នាជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាគាំពារសមភាពនិងយុត្តិធម៌ ។

ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមការពារជាតិដ៏មហិមារបស់សូវៀត ក៏ដូចជាថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។

ប្រទេសទាំងពីរចិននិងរុស្ស៊ីគួរតែចាត់ទុកការនេះជាឱកាសមួយ រួមគ្នាគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល និងគាំពារសមិទ្ធផលនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ ក្នុងន័យជំរុញបណ្តាប្រទេសនានាឱ្យគោរពធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។

ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា ជានិច្ចកាល រុស្ស៊ីនិងចិនតែងតែជឿទុកចិត្តគ្នា ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកប្រកបដោយសមភាព ។ កិច្ចសហប្រតិបតិ្តការទ្វេភាគីសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយមិនដែលរងឥទ្ធិពលពីបម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិនោះទេ ។

ភាគីរុស្ស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន ប្រឆាំងយ៉ាងដាច់ខាតចំពោះ “ឯករាជ្យភាពនៃតៃវ៉ាន់”ទោះតាមទម្រង់ណាក៏ដោយ ។

ឆ្នាំនេះ ប្រទេសយើងទាំងពីរនឹងរួមគ្នាអបអរសាទរយ៉ាងឱឡារិកចំពោះខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ដើម្បីគាំពារសមិទ្ធផលនៃសង្គ្រាមលោកលើកទីពីរ ។ ភាគីរុស្ស៊ីរីករាយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយភាគីចិនក្នុងកិច្ចការពហុភាគី ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close