បណ្ឌិតសភាចារ្យ ខ្លូត ធីតា៖ បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន
Cambodia News/
ព្រៃវែង៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចជាលើកទី២ទៅកាន់បណ្ណាល័យមេគង្គ-ឡានឆាង (ទី១) ដែលមានទីតាំងក្នុងអគារសាលាបឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានមានប្រសាសន៍នថា ដំណើរទស្សនកិច្ចជាលើកទី២នេះក្នុងគោលបំណងសំខាន់ចំនួន៤៖ ១-បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ទី២-ពាំនាំនូវការនឹករលឹកពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង ដែលជាម្ចាស់ជំនួយក្នុងការកែលម្អបណ្ណាល័យនេះដល់សាលាបឋមសិក្សាព្រហារ ទី៣-ចូលរួមលើកកម្ពស់អំណានរបស់សិស្សានុសិស្ស និងមហាជនទូទៅតាមរយៈការផ្តល់បន្ថែមនូវបរិមាណសៀវភៅអាន និងទី៤-ពិនិត្យឡើងវិញពីលទ្ធភាពជួយបន្ថែមទៀតដល់ការអភិវឌ្ឍពុទ្ធិរបស់សិស្សានុសិស្សដូចជាការផ្តល់កាតាប និងសម្ភារៈកីឡា។
ក្នុងនាមជារៀមច្បងលើការសិក្សា លោកជំទាវបណ្ឌិតសភាចារ្យក៏បានចែករំលែកនូវគន្លឹះនៃការអានសៀវភៅដែលចំណាយពេលខ្លីសម្រាប់ការទទួលបានចំណេះដឹង ព្រមទាំងបានលើកទឹកចិត្តដល់សាលារៀនដែលទទួលបានសៀវភៅសិក្សាចំនួន៣០០ក្បាលបន្ថែមនេះរៀបចំបញ្ចូលទៅក្នុងបញ្ជីសៀវភៅ ព្រមទាំងអាចអនុញ្ញាតឱ្យសិស្សអាចខ្ចីយកទៅអានបន្ថែមទៀតនៅផ្ទះ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំងដែលបានផ្តួចផ្តើម គាំទ្រ និងជួយទ្រទ្រង់ថវិកាដល់បណ្ណាល័យមេគង្គ-ឡានឆាង (ទី១) ក្នុងសាលាបឋមសិក្សាព្រហារ តាំងពីខែធ្នូ ឆ្នាំ២០២១មក។
លោក បឿក ធាង នាយកសាលាបឋមសិក្សាព្រហារ បានជម្រាបជូនអង្គពិធីដែលមានអ្នកចូលរួមចំនួន៤០០នាក់ថា ជារៀងរាល់ថ្ងៃបណ្ណាល័យមេគង្គ-ឡានឆាង បន្ថែមពីលើសិស្សដែលមានភារកិច្ចត្រូវចូលអានសៀវភៅតាមការចាត់តាំងរបស់គ្រូបន្ទុកថ្នាក់ ក៏មានមហាជនជាពិសេសអាណាព្យាបាលដែលជូនកូនរបស់ខ្លួនមកសាលារៀន ប្រមាណជា១២០នាក់ជារៀងរាល់ថ្ងៃក៏បានចូលមកអានសៀវភៅក្នុងបណ្ណាល័យនេះផងដែរ។ លោក មេឃុំច្រេសបានថ្លែងថា ចាប់តាំងពីមានបណ្ណាល័យមេគង្គ-ឡានឆាង កុមារក្នុងឃុំច្រេសកាន់តែច្រើនបានក្លាយជាអ្នកអាន ហើយការសិក្សារបស់សិស្សកាន់តែល្អប្រសើរ រហូតទទួលបានការវាយតម្លៃខ្ពស់ពីមន្ទីរអប់រំខេត្តព្រៃវែងពីការសិក្សាល្អរបស់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រហារថែមទៀត។
លោក Liu Wenzhi តំណាងមូលនិធិPeaceland ប្រចាំកម្ពុជាបានសាទរពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនតាម រយៈការបង្កើតបណ្ណាល័យមេគង្គ-ឡានឆាងចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជាដែលជាជំនួយរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕