ក្រុម​អ្នកតំណាងរាស្រ្ត​អឺរ៉ុប​មិន​ពេញ​ចិត្ត​នឹង​នយោបាយ​ការបទេស​របស់​សហភាពអឺរ៉ុប​ក្នុង​វិបត្តិ​ស៊ីរី

កាលពីរសៀលថ្ងៃអង្គារទី១១កញ្ញាម្សិលមិញ នៅសភាអឺរ៉ុបក្នុងទីក្រុង  Strasbourg លោកស្រី Catherine Ashton អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុក កិច្ចការនយោបាយការបរទេសរបស់សហភាព អឺរ៉ុបបានបង្ហាញបទវិភាគរបស់ ខ្លួនស្តី ពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែចម្លើយរបស់លោក ស្រីក្នុងការដោះស្រាយជម្លោះនៅស៊ីរីពេលនេះ មិនបានធ្វើឲ្យក្រុមអ្នក តំណាងរាស្រ្តអឺរ៉ុបទូទៅពេញចិត្តទេ។

ក្នុងបទវិភាគមួយរបស់ខ្លួននៅចំពោះមុខសភាអឺរ៉ុបក្នុងទីក្រុង Strasbourg លោកស្រី Catherine Ashton បានបង្ហាញពីក្តីកង្វល់យ៉ាងខ្លំាង ចំពោះស្ថានការណ៍ដែលកំពុង ពុះកញ្ជ្រោលនៅក្នុងប្រទេសស៊ីរី។ យោង តាមលោកស្រី Catherine Ashton មានមនុស្សស្លាប់ជាង ២៥ ០០០នាក់ មានជន ភាសខ្លួនជាង ២៣ ០០០នាក់ និងមានប្រជាជនស៊ីរីជាង ២លានកន្លះនាក់ដែលកំពុង ត្រូវការជំនួយជាបន្ទាន់។ ជាមួយនឹងប្រាក់ជំនួយជិត ១៧០លានអឺរ៉ូ ចម្លើយរបស់ លោកស្រី Catherine Ashton មានលក្ខណៈមនុស្សធម៌ច្រើន។ ប៉ុន្តែទន្ទឹមគ្នា នេះ ក៏បានគិតគូរដែរ ពីរឿងនយោបាយ ដោយលោកស្រីបានលើកឡើងយ៉ាង ដូច្នេះថា « យើងទំាងអស់គ្នាបាននិយាយថា ប្រធានាធិបតីស៊ីរី Assad ត្រូវតែចុះ ចេញពីតំណែង ហើយយើងទំាងអស់គ្នាត្រូវតែត្រៀមខ្លួនដើម្បីជួយកសាងប្រទេ សស៊ីរី មួយ តាមបែបប្រជាធិបតេយ្យដូចដែលគ្រប់គ្នាចង់បាន »។

ជាការឆ្លើយតបវិញ លោក Guy Verhofstadt ប្រធានក្រុមអ្នកតំណាងរាស្រ្ត Belgique នៅសភាអឺរ៉ុបបានបញ្ជាក់ថា អ្វីដែលលោកស្រី Catherine Ashton បានលើកឡើងនោះ គឺជារឿងមួយមិនអាចទៅរួចទេ។ លោក Guy ដែលបាន បរិហារពីអសមត្ថភាពរបស់សហគមន៍អន្តរជាតិនៅក្នុងដំណោះស្រាយ ឲ្យ វិបត្តិស៊ីរីនេះ។ លោក Guy យល់ឃើញថា « បើយើងមិនព្រមបង្កើតឲ្យ មានតំបន់ ហាមឃាត់ការហោះហើរទេ Assad នឹងបន្តទម្លាក់គ្រាប់បែកលើប្រជាជនស្លូត ត្រង់។ បើយើងមិនព្រមបង្កើតឲ្យមានតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយ ប្រទេស Jordanie និង Turquie ទេ យើងមិនអាចដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឲ្យ ប្រជា ជនស៊ីរីបានឡើយហើយបញ្ហានៅតែបន្ត។ បើយើងមិនព្រមផ្តល់អាវុធឲ្យក្រុម យោធាស៊ីរីសេរីទេ ចលនាអ៊ីស្លាម Jihad ជាអ្នកចូលខ្លួនមកជំនួស »។

យ៉ាងណាក៏ដោយ លោក Guy មានជំនឿជឿជាក់ថា ពិតជាគ្មានអ្វីប្រែប្រួល នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនា ខែវិច្ឆិកាខាងមុខឡើយ។ អ៊ីចឹង ហើយបានជាលោក Guy បានអំពាវនាវឲ្យសហភាពអឺរ៉ុបចាត់វិធានការ ដោយមិន បាច់រង់ចំាភាគីអាមេរិកំាងទេ។ បើមិនដូច្នេះទេសោកនាដកម្មនៅស៊ីរី នឹង បន្តមាន នេះជាការបង្ការរបស់អ្នកតំណាងរាស្រ្តជនជាតិ Belgique រូបនេះ៕ ដោយ គួច គន្ធារ៉ា(RFI)

Related Articles

Back to top button
Close
Close