លោកបណ្ឌិត កៅ មុយថង៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត
Cambodia News/
ភ្នំពេញ៖ អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកមានជំនឿថា នៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា-ចិន នឹងមានការរីកចម្រើនបន្ថែមទៀត ជាពិសេស មានទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ ជាងពេលមុនៗ។
លោកបណ្ឌិតបញ្ជាក់ថា៖ «ក្នុងន័យនេះដែរ ខ្ញុំមានជំនឿថា ប្រទេសទាំង២ នឹងបន្តរួមចំណែកក្នុងការសម្របសម្រួលស្ថានភាពនៅក្នុងកិច្ចការនយោបាយ ច្បាប់ និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ហើយការសម្របសម្រួលស្ថានភាពនៅក្នុងកិច្ចការនយោបាយ ច្បាប់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំង២ កាន់តែភាពប្រសើរថែមទៀត…បានសេចក្តីថា ប្រសិនបើប្រទេសទាំងពីររួមគ្នាកសាងបាននូវការជឿទុកចិត្តគ្នា និងការអនុវត្តយុទ្ធសាស្ត្រ ដែលអាចនាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែប្រសើរ នោះប្រជាតិយើងទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ នៅក្នុងការសហការប្រតិបត្តិការទាំងនេះ ។»
សម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជាឆ្នាំ «នៃការផ្លាស់ប្តូរប្រជាជនកម្ពុជានិងប្រជាជនចិន» នោះលោកបណ្ឌិតមើលឃើញអំពីការរីកចម្រើន ហើយក៏សូមចូលរួមត្រេកអរជាមួយនឹងការជឿជាក់ ដែលប្រទេសទាំង២ កម្ពុជានិងចិន ពិតជាបានរៀបចំព្រឹត្តិការណ៍ ជាច្រើនណាស់ ដើម្បីបង្ហាញពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមួយដែលមានន័យយ៉ាងជ្រាលជ្រៅ ក្នុងការចងក្រងនូវភាពជឿទុកចិត្តគ្នា និងបង្ហាញពីសាមគ្គីភាពក្នុងកិច្ចការពង្រឹងទំនាក់ទំនងពីមិត្តភាពដែកថែប ទៅកាន់មិត្តភាពត្បូងពេជ្រ ក្នុងងនោះ មានការសម្តែងសិល្បៈរួមគ្នា និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលពិតជាបានបង្ហាញឲ្យឃើញពីជំហានឆ្ពោះទៅរកការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ និងប្រពៃណីរបស់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោកបណ្ឌិតថា ព្រឹត្តិការណ៍ទាំងនោះមិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរការយល់ដឹងផ្នែកវប្បធម៌និងសង្គមទេ ប៉ុន្តែ ថែមទាំងបង្ហាញពីការអភិវឌ្ឍកាន់តែល្អ និងការជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ទៀតផង៕