គម្រោងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានពន្យារពេល
Cambodia News
ដោយ៖ ហេង នាង
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលអាស៊ានក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី ១២ កញ្ញា ២០១២ លោក ស៊ូរិន ពិតសុវណ្ណ អគ្គលេខាធិ ការសមាគមអាស៊ានបានថ្លែងឲ្យដឹងថា គម្រោងនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានរួមគ្នាមួយ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០១៥នោះត្រូវពន្យារពេលមួយឆ្នាំទៀត។
លោក ស៊ូរិន ពិតសុវណ្ណ បានបន្តថា ការចាប់ផ្តើមបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានឯកភាពគ្នាកាលពីខែសីហា នឹង ត្រូវចាប់ផ្តើមនៅថ្ងៃទី០១ មករា ២០១៥ខាងមុខ ប៉ុន្តែត្រូវពន្យារពេល ក៏ព្រោះរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានស្វែងយល់ពីទិដ្ឋភាព ជុំវិញការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ ហើយទទួលស្គាល់ថា ពួកគេត្រូវការពេលមួយឆ្នាំទៀត។
សូមបញ្ជាក់ថា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាការប្រែក្លាយប្រទេសអាស៊ានទាំង១០ឲ្យទៅជាទីផ្សារ និងមូលដ្ឋាន ផលិតកម្មតែមួយ ដែលវានឹងធ្វើឲ្យមានលំហូរដោយសេរីទៅកាន់ប្រទេសជាសមាជិកទាំងអស់នូវ ទំនិញ សេវាការវិនិយោគ ពលករជំនាញ និងលំហូរមូលធនជាច្រើនទៀតផងដែរ៕