ឯកអគ្គរដ្ឋទូតកម្ពុជានិងថ្នាក់ដឹកនាំអ.ម.តប្រាប់ដល់និស្សិតកម្ពុជាកំពុងរៀននៅប្រទេសចិនត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយម្ចាស់ផ្ទះឱ្យកាន់តែរឹងមាំ

Cambodia News/

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សានៃសមាគមសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិនប្រមាណ២៧០នាក់ត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយភាគីចិនឱ្យកាន់តែរឹងមាំដូចដែលថ្នាក់ដឹកនាំប្រទេសយើងទាំងពីរកំពុងអនុវត្តន៍តាំងពីអតីកាលរហូតមកដល់បច្ចុប្បន្ន។

ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ២៧០នាក់ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស ឯកឧត្តម គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរជន ដ៏ឆ្នើមរបស់កម្ពុជាក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដូច្នេះកូនខ្មែរគ្រប់រូបត្រូវសាមគ្គីភាពនិងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី បានផ្ដាំផ្ញើដល់និស្សិតកម្ពុជាទាំងអស់ត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក។ លោកជំទាវបណ្ឌិត បន្តថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីបង្កើតទំនាក់ទំនងរវាងខ្មែរនិងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមថែរក្សាចំណងមិត្តភាពជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយការអភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៏ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗ។ ជាចុងក្រោយ លោកជំទាវ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែនៅក្នុងសាកលវិទ្យាល័យ៕

 

Related Articles

Back to top button
Close
Close