ចិនសាស្ត្រជំរុញល្បឿននៃទំនើបកម្មសកល

​Cambodia News/

ចិនសាស្ត្រ ឬការសិក្សាចិន ឬអ្នកសិក្សាចិនវិជ្ជា បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ផ្តល់ជូនដល់ជនបរទេសបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយជនជាតិចិនលើវិស័យអក្សរសាស្ត្រ ភាសា វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ហើយចាប់ពីឆ្នាំ២០២៣មក នៅប្រទេសចិន សន្និសីទអន្តរជាតិស្តីពីចិនសាស្រ្តត្រូវបានរៀបចំឡើងសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ជាទីកន្លែងដែលអ្នកឯកទេសចិនវិជ្ជា និងចិនវិទូនៅលើពិភពលោកបានមកជួបជុំគ្នាដើម្បីពិភាក្សាពីគុណតម្លៃនៃការសិក្សាចិន ឬចិនសាស្ត្រក្នុងការថែរក្សាសន្តិភាព និងរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍសកល។

ពិភពលោកបានចាំយ៉ាងច្បាស់ពីខ្លឹមសារជាសារវ័ន្តរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានផ្ញើសារអបអរសាទរនៅក្នុងសន្និសីទពិភពលោកលើកទី១នៃចិនសាស្រ្ត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា «តាមរយៈចិនសាស្រ្ត ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រប់ភាគី គ្រប់អង្គភាពពាក់ព័ន្ធនានាដើម្បីរួមគ្នាលើកតម្លៃសកលនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព និង អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល។ ការផ្លាស់ប្តូរវប្បធម៌នឹងនាំយើងឆ្លងផុតពីភាពខ្វែងគំនិតគ្នា ការរៀនសូត្រគ្នាទៅវិញទៅមកនឹងនាំយើងឆ្លងផុតពីការប៉ះទង្គិចគ្នា ហើយការរួមរស់ដោយសុខដុមនីយកម្មជាមួយគ្នានឹងនាំយើងឱ្យមានលើសពីអារម្មណ៍ក្នុងបច្ចុប្បន្នភាព ដោយសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ភ្លឹស្វាងរួមគ្នា ដែលនាំឱ្យអរិយធម៌មនុស្សជាតិនឹងមានវឌ្ឍនភាពឈានឡើង»។

ចិនសាស្រ្តបានក្លាយជាមុខវិជ្ជា និងជាត្រីវិស័យនៃការសិក្សាដោយជនបរទេសបានទទួលពុទ្ធិនិងបទពិសោធន៍ពីការលាតត្រដាងដោយអ្នកជំនាញជនជាតិចិនពីអរិយធម៌ដែលមានអាយុកាលជាង៥ពាន់ឆ្នាំរបស់ប្រទេសចិន ហើយដែលអ្នកឯកទេសនានារបស់បរទេសបាននិងកំពុងសិក្សាយ៉ាងស៊ីជម្រៅដើម្បីបង្កើនភាពជិតស្និទ្ធ និងតំណភ្ជាប់កាន់តែរឹងមាំរវាងបរទេសនិងចិនតាមរយៈការសិក្សាពីចិន។

ជាសច្ចភាព ចិនសាស្ត្របានបង្កើនភាពទាក់ទងគ្នាតាមរយៈអ្នកឯកទេសចិនវិជ្ជា និងចិនវិទូមកពីជុំវិញពិភពលោក ដែលជាស្ពានតភ្ជាប់រវាងអរិយធម៌ចិន និងអរិយធម៌មនុស្សជាតិ ហើយតាមរយៈការរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពពីគំនិតផ្តួចផ្តើម«អរិយធម៌សកល» ដើម្បីរួមកម្លាំងគ្នាពង្រឹងការយល់ដឹងកាន់តែស៊ីជម្រៅ ពង្រីកវិមាត្រ កាន់តែទូលំទូលាយនិងយូរអង្វែងនៃមិត្តភាព និងបង្កើនបរិមាណកាន់តែធំនិងឈ្នះ-ឈ្នះនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងពិភពលោក ស្របនឹងគោលបំណងនៅក្នុងសន្និសីទពិភពលោកលើកទី២នៃចិនសាស្រ្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានគូសបញ្ជាក់ដោយលោក Ji Bingxuan ប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ ថា «ចិនសាស្ត្របាននិងកំពុងរួមចំណែកអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមអរិយធម៌សកលដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាងអរិយធម៌ចិននិងបរទេស។

តាមរយៈចិនសាស្ត្រ មនុស្សជាតិនឹងរួមដៃគ្នាដើម្បីបន្តក្តីសុបិននៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុនៃទំនើបកម្មពិភពលោក ព្រមទាំងកសាងមូលដ្ឋានគ្រឹះសន្តិសុខ រួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក»។ បន្ថែមពីលើនេះ ចិនសាស្រ្តនឹងប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់ការទទួលមរតក និងនវានុវត្តនៃវប្បធម៌របស់មនុស្សជាតិ ដើម្បីរួមគ្នាកសាងស្ពានដ៏រឹងមាំនិងភាពរលូននៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតជាពិសេសលើការរួមចំណែកលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងការស្រឡាញ់គ្នាទៅវិញទៅមក។

ចិនដែលជាប្រជាជាតិរាប់អាន ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះមិត្តភាព ស្របនឹងគតិដ៏មានតម្លៃជាសកលរបស់ខុងជឺដែលបានពោលថា «មានមិត្តមកពីឆ្ងាយ ជាសុភមង្គលរបស់ម្ចាស់ផ្ទះ» ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ចិនសាស្ត្របានក្លាយជាប្រទីបបំភ្លឺរស្មីនៃមិត្តភាពប្រកបដោយវិបុលភាព និងភាតរភាពសម្រាប់មនុស្សជាតិ។

ចិនសាស្ត្រដែលបានបន្តដំណើររាប់ពាន់ឆ្នាំមកនេះ បានក្លាយជាមុខជំនាញដ៏ល្បីខ្ទរខ្ទាមួយដែលក្នុងរយៈពេល១ទសវត្សរ៍នេះ ជនបរទេសនៅក្នុងប្រទេសជាច្រើនបានយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្រាវជ្រាវ ចែករំលែក ផ្សព្វផ្សាយ និងរួមចំណែកជាមួយជនជាតិចិនក្នុងការអភិវឌ្ឍចិនសាស្ត្រនេះដោយផ្អែកលើមូលដ្ឋាននៃការរៀនសូត្រទៅវិញទៅមករវាងអ្នកសិក្សាចិន ដោយប្រកាន់ខ្ជាប់នូវសមភាព ការសន្ទនា និងការយល់ដឹងពីអរិយធម៌ចម្រុះរបស់មនុស្សជាតិ។

ចិនសាស្រ្តបានគូសបញ្ជាក់ពីកម្លាំងចលករសំខាន់របស់អ្នកសិក្សាចិនសម្រាប់ការលើកកម្ពស់វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិដោយផ្តើមពីចិនវិជ្ជា ហើយប្រកាន់ខ្ជាប់នូវមូលដ្ឋាននៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានចាក់ឫសចូលជ្រៅទៅក្នុងការយល់ដឹងពីភាពចម្រុះនៃអរិយធម៌សកល និងកិច្ចខិតខំពង្រឹងនិងអភិវឌ្ឍទ្រឹស្តីប្រវត្តិសាស្រ្តពិភពលោក ព្រមទាំងការរួមគ្នាគិតគូសវាសប្លង់មេនៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយសម្រេចបាននូវការអភិវឌ្ឍសកលប្រកបដោយភាពច្បាស់លាស់លើគំរូនៃការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អភិបាល កិច្ចសកល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងការសម្រេចបាននូវលទ្ធផលជាក់ស្តែងសម្រាប់ទាំងអស់ ស្របនឹងសុភាសិតសកលថា «រៀនចេះភាសាចិន មានមិត្តនៅជុំវិញពិភពលោក» ហើយមានតែយើងយល់ពីភាសាគ្នាទៅវិញទៅមក ទើបយើងអាចសើច-យំជាមួយគ្នាបាន ព្រមទាំងមានភាសាបេះដូងដែលបរិយាយត្រង់ទៅត្រង់មកមិនចេះចប់។ ជាក់ស្តែង គោលការណ៍សន្តិភាពបញ្ចសីលារបស់ប្រទេសចិនក្នុងរយៈពេល៧០ឆ្នាំមកនេះ បានជ្រាតចូលទៅក្នុងផ្នត់គំនិតមនុស្សជាតិតាមរយៈអ្នកជំនាញចិនវិជ្ជា ឬអ្នកសិក្សាចិន ឬចិនសាស្រ្ត ដែលបានរួមចំណែកក្នុងរង្វង់នៃកិច្ចអភិវឌ្ឍសកល។

ជារួមចិនសាស្រ្តដែលនឹងក្លាយជាមុខវិជ្ជាសិក្សាមួយនៅក្នុងសង្គមដោយពន្យល់យ៉ាងច្បាស់លាស់ពីចិនវិជ្ជាដល់អ្នកសិក្សាស្រាវជ្រាវពីប្រទេសចិន ក្នុងពេលដែលចិនសាស្រ្តនឹងក្លាយជាឯកទេសដ៏ពោរពេញដោយគរុសភាក្នុងការផ្សព្វផ្សាយពីគុណតម្លៃនៃអរិយធម៌ចិន និងហ្សែនសន្តិភាពរបស់ជនជាតិចិនដែលពន្លាតវិសាលភាពជាង៥ពាន់ឆ្នាំកន្លងមកនេះជាសក្ខីភាពបញ្ជាក់ស្រាប់។ ចិនសាស្រ្តដែលបានផ្តល់នូវការសិក្សាពីចិនវិជ្ជា ឬជំរុញការយល់ដឹងនៃការសិក្សាចិន នឹងរួមចំណែកបង្កើនការអភិវឌ្ឍសកលតាមរយៈទំនើបកម្មសង្គមរបស់ប្រទេសចិនដែលជាកាលានុវត្តភាព និងជាគំរូភាព ព្រមទាំងជានិម្មិតរូបនៃការចែករំលែកដល់ប្រទេសនានាពីបទពិសោធន៍របស់ប្រទេសចិនដែលជាកាតាលីករដ៏សំខាន់នៃការជំរុញល្បឿនទំនើបកម្មសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

 

Related Articles

Back to top button
Close
Close