ចិនជួយកម្ពុជាលើកកម្ពស់ការគ្របដណ្តប់ប្រព័ន្ធបណ្តាញទូរស័ព្ទចល័ត និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥

Cambodia News/

ភ្នំពេញ ៖ ចិនបានសកម្មក្នុងការចូលរួមចំណែកការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេសគួរឱ្យគត់សម្គាល់ជួយកម្ពុជា ឱ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ឆ្នាំ២០២៤ និងពិធីសម្ពោធសមាគមទស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា នាសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម វ៉ាង វិនពី បន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុងជ្រោយអំពីការអភិវឌ្ឍខ្លាំងក្លានៃសេដ្ឋកិច្ចនីជីថលរបស់ប្រទេសកម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហកហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានអភិវឌ្ឍឥតឈប់ឈរ ហើយឃើញមានអេក្រង់អេឡិចត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃធ្វើការទូទាត់អេឡិចត្រូនិក បានក្លាយទៅជាទំលាប់ធម្មតា។

ឯកឧត្តម វ៉ាង វិនពី គូសបញ្ជាក់ថា វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែច្រើន បានដាក់ឱ្យដំណើរការនៅកម្ពុជា ព្រមទាំងដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ បានផ្តល់ភាពកាន់តែងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សារៈសំខាន់ដ៏ការបណ្តុះបណ្តាលធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរដល់ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្តនិងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត។ ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរនិងវិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ឯកឧត្តម វ៉ាង វិនពី បន្ថែមថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា គឺចំពេលវេលាដែលត្រឹមត្រូវបង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំង ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងកម្ពុជា ទាំងពីរ គឺជំហ៊ានដល់សំខាន់ការលើកកម្ពស់គុណភាពនិងបង្កើនឋានៈ (Upgrade) កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈវិស័យកាន់តែធំទូលំទូលាយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។

ក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា, ដែលប្រការនេះបាននាំមកនូវឱកាសការងារ និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មី ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា, ដែលជាយថាហេតុ នឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផងដែរ ។

ទន្ទឹមនេះ, កម្ពុជាក៏មានកិច្ចសហការប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់ចិនជាច្រើនថែមទៀត ក្នុងនោះរួមមាន៖ ការរៀបចំធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាមួយក្រុមហ៊ុន Hauwei, កិច្ចសហប្រតិបត្តិការលើនវានុវត្តន៍ឌីជីថល ការតភ្ជាប់ក្នុងតំបន់ និងការចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយស្ថាប័ន China-ASEAN Information Harbor ។

បន្ថែមលើនេះ, ផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ២០២៣-២០២៥ ការបង្កើតរបៀងស្រូវ, អង្គរ និង ត្រី ការបង្កើតច្រកតែមួយរួមគ្នាសម្រាប់ការធ្វើពាណិជ្ជកម្ម និងការលើកទឹកចិត្តឱ្យកម្ពុជា អាចចូលរួមយ៉ាងពេញលេញនៅក្នុងពិព័រណ៍នាំចេញ-នាំចូលរបស់ចិន បាននិងកំពុងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ចិន ឲ្យកើនឡើងជារៀងរាល់ឆ្នាំ, ខណៈភ្ញៀវទេសចរចិនរាប់សែននាក់ តែងមកទស្សនាកម្ពុជា និង បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ផងដែរ។

ម្យ៉ាងវិញទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់, កម្ពុជា និងប្រទេសជាសមាជិកអាស៊ានដទៃទៀត កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ។ កម្ពុជារំពឹងថា នឹងអាចទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ, ពិសេសលើការផ្លាស់ប្តូរបទពិសោធ, ការជំរុញនវានុវត្តន៍ ក្នុងវិស័យសាធារណៈនិងវិស័យឯកជន, និងការពង្រឹងសមត្ថភាព ដើម្បីអាចស្រូបយកការអនុវត្តនូវបច្ចេកវិទ្យាថ្មីៗ ពីបណ្តាប្រទេសជឿនលឿនខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដូចជា មិត្តចិន ជាដើម៕

Related Articles

Back to top button
Close
Close