ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង
Cambodia News/
ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៥-០៧ ខែកញ្ញា ឆ្នាំ២០២៤ នាពេលខាងមុខ។
អញ្ជើញបំពេញទស្សនកិច្ចការងារខាងលើនេះគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នេះជាដំណើរទស្សនកិច្ចប្រទេសទី៥ ចាប់ពីដើមនីតិកាលទី៧ បន្ទាប់ពីវៀតណាម ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលី ហើយនៅក្នុងពេលបំពេញទស្សនកិច្ចការងាររដ្ឋធានីប៉េងកាំងខាងមុខនេះ ឯកឧត្តមអភិសន្តិបណ្ឌិត នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ ចិន៕