នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការធ្វើតេស្ដរហ័សរកសារធាតុញៀន បានអនុវត្តលើមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាង៩ម៉ឺននាក់, រកឃើញ៩៧នាក់វិជ្ជមាន
Cambodia News/
ភ្នំពេញ ៖ ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំង៩៧នាក់ដែលវិជ្ជមានសារធាតុញៀន ក្នុងចំណោមអ្នកធ្វើតេស្ដសរុប៩៩,៣០០នាក់នោះ បានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន៨៩នាក់, ៧នាក់កំពុងបន្ដនីតិវិធី និងម្នាក់ទៀតកំពុងបន្ដតាមដាន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃនេះ ការធ្វើតេស្ដទឹកម៉ូតទៅលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស បានចំនួន៩៩,៣០០នាក់។ ក្នុងចំណោមអ្នកដែលបានធ្វើតេស្ដនេះ រកឃើញអ្នកដែលប្រើប្រាស់សារធាតុញៀនហាមឃាត់ ចំនួន៩៧នាក់ ក្នុងនោះ៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ ៧នាក់កំពុងបន្តនីតិវិធី ខណៈម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន»។
ដោយឡែក សម្រាប់ប្រតិបត្តិការបង្ក្រាបកាលពីពេលកន្លងទៅ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហើបថា ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីរាជការសាធារណៈផងដែរ ខណៈអ្នកដែលមានការពាក់ព័ន្ធ ត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅតាមផ្លូវច្បាប់ជាធរមាន ដោយមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឲ្យបានឡើយ។ លោកសង្កត់ធ្ងន់ថា អ្នកដែលបង្ក្រាបករណីទៅមានទាំងមន្ដ្រីនគរបាល មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ហើយមានឋានន្ដរស័ក្ដិរហូតដល់ឧត្តមសេនីយ៍ (ផ្កាយ) ថែមទៀត។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ពិសេសផ្ដោតលើការដាក់ចេញផែនការយុទ្ធសាស្ដ្រ សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ថែមទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន កំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជាលេខ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសង្កត់ធ្ងន់ថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តែងតែធ្វើការក្រើនរំលឹកជាប្រចាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ៕