អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស
Cambodia News/
ភ្នំពេញ៖ អតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្សពីរនាក់ ជាគូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ករណីឃាតកម្មដែលបង្កដោយជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងនារីជាគូដណ្ដឹងឈ្មោះ ឃីន កញ្ចនា ត្រូវបានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេ ព្រោះថា នៅមុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្មោះប្រកែកគ្នា ជាមុនរវាងជនល្មើសនិងជនរងគ្រោះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្ដុតាងនៃការរៀបចំផែនការសម្លាប់មនុស្សតាមមាត្រ ២០០ នៃក្រមព្រហ្មទណ្ឌឡើយ។
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា ដោយពិនិត្យឃើញព្យសនកម្មទៅលើជនរងគ្រោះដែលស្លាប់២នាក់ និងរបួស២នាក់ទៀត តំណាងអយ្យការបានចោទប្រកាន់ករណីនេះជា២សំណុំរឿង៖
សំណុំរឿងទី១ (ជនរងគ្រោះដែលបានស្លាប់២នាក់) បានចោទប្រកាស់ឈ្មោះ ស្រី ស៊ីណា ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។
សំណុំរឿងទី២ (ជនរងគ្រោះដែលរបួស២នាក់) បានចោទប្រកាន់លើជនត្រូវចោទពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។
ក្រោយទទួលបានសំណុំរឿងទាំង២ខាងលើនេះហើយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ស្រី ស៊ីណា ជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់ជាធរមាន។ ចៅក្រមស៊ើបសួរនឹងស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុះរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវភស្តុតាងថ្មីបន្ថែមដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់ជាដរាប។
សូមរំលឹកថា ករណីឃាតកម្មនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងហេតុការណ៍នេះ បណ្ដាលមនុស្ស២នាក់បានស្លាប់ (គូដណ្ដឹងនឹងគ្នា) និងរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ ដែលជាមិត្តរួមការងារ៕