ឯកឧត្តម ប៉ែន បូណា៖ មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន

Cambodia News/

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ។

ចំណែកសម័យកាលដែលប្រទេសជាតិធ្លាក់ចុះគឺជាសម័យកាលដែលខ្មែរបែកបាក់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល កាប់សម្លាប់គ្នា ដែលធ្វើឱ្យខ្មែរចំណាយពេលវេលាបំផ្លាញច្រើនជាងកសាងក្រោមស្នាដៃមេដឹកនាំខ្សោយ។

ក្រោយពីញាំញីដោយភ្លើងសង្គ្រាមរហូតរអិលចូលក្នុងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យប្រទេសធ្លាក់ចុះដល់កម្រិតសូន្យនិងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីក្លាយជាផេះផង់ កម្ពុជាដ៏កំសត់ត្រូវបានសង្គ្រោះនិងស្តារឡើងវិញចេញពីទីលានកប់សាកសពដ៏គួរឱ្យតក់ស្លុតរន្ធត់ ឱ្យទៅជាប្រទេសដែលមានជីវិតស្រស់បំព្រង មានស្នាមញញឹម មានការអភិវឌ្ឍន៍លើសដើមក្នុងរយៈពេលយ៉ាងខ្លី និងមានសកម្មភាពការទូតរស់រវើកទាំងក្នុងឆាកតំបន់និងអន្តរជាតិ។ លទ្ធផលនេះមិនអាចសម្រេចបានឡើយប្រសិនបើខ្មែរគ្មានមេដឹកនាំខ្លាំងពូកែនិងរឹងមាំទេនោះ។

ដែលហៅថា មេដឹកនាំខ្លាំងពូកែ គឺជាមេដឹកនាំដែលយកជីវិតរបស់ខ្លួនទៅប្តូរយកជីវិតប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងជ្រោះមរណៈ។ ជាមេដឹកនាំដែលមានសមត្ថភាពអាចបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីដោយនាំមកនូវសុខសន្តិភាព ហើយអាចរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឱ្យគង់វង្សយូរអង្វែង។ ជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងទាំងក្នុងក្របខណ្ឌនយោបាយជាតិនិងការទូត។ ជាមេដឹកនាំដែលសម្លឹងឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចគោលដៅប្រកបដោយភាពប្រាកដនិយម ទោះបីជាមានឧបសគ្គយ៉ាងណាក៏អាចពុះពារនិងជម្នះបាន។ ជាមេដឹកនាំដែលអាចកសាងប្រទេសបានលឿនជាងគេមិនធ្លាប់មានពីមុន ជាពិសេសមានឥទ្ធិពលអាចបន្សាបបាននូវរាល់ឧបាយកលទុច្ចរិតនានាដែលមានចេតនាបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍន៍ជាតិ។

ប្រទេសកម្ពុជាដែលបានធ្វើដំណើរមកដល់ចំណុចនេះ និងកំពុងឈរយ៉ាងរឹងមាំជាមួយសមិទ្ធផលដ៏ធំធេងដែលយើងបានឃើញចំពោះមុខនាពេលនេះ ពិតជាស្នាដៃឯកដែលកើតឡើងក្នុងសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនបាននិងកំពុងរុញច្រាននាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពជឿជាក់និងឥតងាករេ។ ប្រជាពលរដ្ឋខ្មែរមានជំនឿថា មានមេដឹកនាំខ្លាំងពូកែទើបខ្មែរអាចនាំប្រទេសទៅរកភាពរុងរឿងបាន៕

Related Articles

Back to top button
Close
Close