ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្សចំណាយអស់ ៨០០លានដុល្លារហើយ
Cambodia News/
កំពតៈ អ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ទំហំទឹកប្រាក់ ការវិនិយោគអភិវឌ្ឍន៍តំបន់តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ចំណាយអស់៨០០លានដុល្លារអាមេរិកហើយ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបម្រើឲ្យវិស័យទេសចរណ៍នៅតំបន់នេះ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយទ្រុងទ្រាយធំពីសក្តានុពល នៃការអភិវឌ្ឍក្រុងបូកគោ នៅថ្ងៃទី ២៩ខែឧសភា ឆ្នាំ ២០២៤ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានគូសបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍តំបន់ឧទ្យានជាតិបូកគោ កាលពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀតដែលបម្រើឲ្យវិស័យទេសចរណ៍នៅតំបន់នេះ នៅលើទំហំដីសរុបប្រមាណ ៤ម៉ឺនហិកតា។
អ្នកឧកញ៉ា បានបញ្ជាក់ថា ការបោះទុនវិយោគលើទំហំទឹកប្រាក់យ៉ាងច្រើននេះ គឺមិនទាន់ចំណេញនោះទេ មានតែខាតតែប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍជាជំហ៊ានៗជាបន្តបន្ទាប់ ហើយនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ការអភិវឌ្ឍនឹងដំណើរការល្អឡើងវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលអាចចំណាយលើការសាងសង់ប្រហែល ៣លានដុល្លារអាមេរិក ក្នុងមួយគីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤មកកាន់ភ្នំបូកគោ ដែលមានប្រវែងប្រហែល ៦១គីឡូម៉ែត្រនិងកំពុងសាងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ មានកម្ពស់ ១០៨ម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក៕