សម្ដេចតេជោ បញ្ជាឲ្យសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញបទបញ្ជាឲ្យសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចវៀតណាម វែកមុខរកអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន។
តាមរយៈគេហទំព័ហ្វេសប៊ុក នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ”។
សម្ដេចតេជោ បន្ដថា កាលឆ្នាំ២០១៦ និងឆ្នាំ២០១៧ មានជាង២០០០នាក់ចូលមកជេរ សម្ដេច តាមFacebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយ សម្ដេច ប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញពេលនោះ រឿងសមុទ្រចិនខាងត្បូង។
សម្ដេចតេជោ គូសបញ្ជាក់ថា “ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាម នៅកម្ពុជាឬបងប្អូនខ្មែរក្រោម ដែលមានគណនី តិច តុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវ តែមួយគត់ ដែលយើងអាចធ្វើបាន”។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា “ខ្ញុំស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយ សមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមក ជេរខ្ញុំជាអ្នកណា?។ ខ្ញុំមិនចោទប្រកាន់ថាថ្នាក់ដឹកនាំ
វៀតណាមថាប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ ឆ្លៀតបំបែកបំបាក់”៕