ជូនអ្នកលក់តាមអនឡាញមួយចំនួន (មួយចំនួន)!
អ្នកលក់អនឡាញ អ្នកមានបណ្តាញ ប្រើប្រាស់សេរី
តែសូមអ្នកគិត ទំនៀមប្រពៃ កុំចេះតែច្នៃ
ពាក្យពេជន៍អសុរោះ។
អ្នកស្រែកជំទាល ថែមទាំងជេរដៀល ឥតក្រែងរអា
ដោយមិនបានគិត ដល់ច្បាប់មាត្រា ជេរប្រមាថណា
មានទោសមានពៃរ៍។
ឆោមសម្ផស្សស្អាត តែចិត្តមារយាទ ខ្មែរថាបាតផ្សារ
ជេរគេកប់មាត់ មិនភ្លាត់ត្រង់ណា តែសែនអនិច្ចា
សីលធម៌ដល់សូន្យ។
អ្នកខ្លះមុសា អ្នកទិញផ្ញើសារ ខឹងច្រឡោតតូង
គ្មានក្បាលកន្ទុយ បញ្ចោរឡូងៗ គិតថាខ្លួនសឿង
ឫទ្ធីចេស្តា។
អ្នកលក់អនឡាញ មិនត្រូវបំផ្លាញ វប្បធម៌ទំនៀម
បើចង់លក់ដាច់ គួរមាននិយាម ដើម្បីភ្ញៀវហ៊ាន
ចូលទិញទំនិញ។
អ្នកខ្លះសិចស៊ី ស្លៀកលើសនារី គ្មានក្បួនគ្មានគ្រូ
ដើម្បីទាក់ទាញ បានគេចូល View តែខ្លួនឯងធូរ
រឿងគុណតម្លៃ។
បើប្តូរសម្ដី ដោយចេះខន្តី ទន់ភ្លន់រាបសារ
នោះភ្ញៀវទាំងឡាយ សរសើរក្រៃណា ហើយទំនិញណា
ក៏លក់ដាច់ដែរ។
(ពាក្យចួនបន្តិបន្តួចប៉ុណ្ណោះ)
ឆាយ សុផល
៦ ឧសភា ២០២៤